ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុនប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំឡើងលើទឹកដីសៀមរាបអង្គរ ក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី»។

សម្ដេចធិបតី បានលើកឡើងថា ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង។ នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ ។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ទាំងសម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងលឺពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លងមកលើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់ប្រសើរឡើង។

លោកជំទាវបានបន្តទៀតថា ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេ តែផ្ទុយទៅវិញ គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Dato’ Dr Juseon Byun ដែលជាស្ថាបនិក មិត្តកាយ ឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ី ប៉ាស៊ី-ហ៊្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ សង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក មិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជា ផ្ទាល់។ លោកជំទាវសូមសម្តែងនូវក្តីរំភើប និងមានមោទនភាពជាទីបំផុត ចំពោះកិច្ចខិតខំប្រឹង ប្រែង និងលទ្ធផលដែលមិត្តកាយឫទ្ធិនារីប្រចាំកម្ពុជាសម្រេចបានរហូតមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ៕




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?