ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រំភើប ដែលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានដើរឆ្លងកាត់ស្ពានហាលខាងលិច ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអ្នកជំនាញដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។

លោក កាយ កាន វ័យ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយ ក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មីម្ដងទៀត។ គាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះម្ដងរួចមកហើយ ពោលគឺតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពាននេះមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែង ពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណជាថ្មីម្តងទៀត ដោយឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងប្រាសាទអង្គរងាយស្រួលធ្វើដំណើរជាងមុន។

ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ្នកស្រី នូ យ៉ន បាននិយាយថា ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ អ្នកស្រីយល់ថា ការជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺជាការថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែង សម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗទៀតបានឃើញ។

ក្រៅពីភ្ញៀវទេសចរជាតិ លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាមេរិក ដែលបានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។ភ្ញៀវទេសចរអន្តរជាតិទាំងពីររូបនេះ បានបង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរមានសំណាងណាស់ មានសំណងនៅត្រង់ថាធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។

ការពោលសរសើរអំពីការងាររបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលព្រមទាំងសម្រស់ស្ពានហាលខាងលិចអង្គររបស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ កើតមានឡើងបន្ទាប់ពីស្ពានហាលខាងលិចអង្គរ បានជួសជុលរួចរាល់ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ។

សូមជម្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះអម្ចាស់ជីវីតតម្កល់លើត្បូង ស្ពានហាលខាងលិចប្រាសាទអង្គរវត្តត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ ជាមួយនឹងការប្រើប្រាស់រយៈពេលយូរអង្វែង។

លើសពីការជួសជុល សាកលវិទ្យាល័យសូហ្វីយ៉ារបស់ជប៉ុន រួមជាមួយអាជ្ញាធរជាតិអប្សរាកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើគម្រោងថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត៕
អត្ថបទដោយ៖ ជុន កុសល




-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


