Connect with us

ព័ត៌មានជាតិ

ទូតឥណ្ឌា សន្យាជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគ មកកម្ពុជា

បានផុស

នៅ

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ ទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ប្រធានរដ្ឋសភា មាន​ក្តី​សោមនស្ស​រីករាយ និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​លោកជំទាវ​បណ្ឌិត ដែល​បាន​រួម​វិភាគទាន​ដ៏​មាន​តម្លៃ​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ឥណ្ឌា។ សម្តេច​រដ្ឋសភាធិបតី បាន​រំលឹក​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​ជាពិសេស​រវាង​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ឯកឧត្តម ចា​វ៉ា​ហា​ឡា​ល នេ​ហ៍​រុ នាយករដ្ឋមន្ត្រី​ទី​មួយ នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​គេ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ ១៩៥៤ ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ភាព ដែល​បាន​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ទំនាក់ទំនង​មិត្តភាព​ដ៏​កក់ក្តៅ និង​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ ដែល​កំពុង​រីកចម្រើន និង​ត្រូវ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​កេរដំណែល​រួម នៃ​ប្រវត្តិសាស្ត្រ​សាសនា វប្បធម៌ និង​អរិយធម៌​រវាង​ប្រទេស​ទាំងពីរ។ គួរ​រំលឹក​ថា ក្រោយ​របប​ប៉ុលពត ឥណ្ឌា បាន​ជួយ​គាំទ្រ និង​ជួយ​ស្តារ​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក​នោះ​ជា​បន្តបន្ទាប់​រហូតមក​ដល់​បច្ចុប្បន្ន រួមមាន​ជំនួយ​ជា​ថ្នាំសង្កូវ គ្រូពេទ្យ និង​ការ​បោសសម្អាត​មីន​ជាដើម។ សម្តេច​រដ្ឋសភាធិបតី បាន​រំលឹក​បន្ថែម​ថា នៅក្នុង​ឆ្នាំ ១៩៨១ សម្តេច​ផ្ទាល់ បាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា និង​បាន​រៀបរាប់​ពី​វិនាសកម្ម​ក្នុង​របប​ប៉ុលពត​ដល់​ពិភពលោក​បាន​ដឹង។

សម្តេច​រដ្ឋសភាធិបតី បាន​ធ្វើការ​វាយតម្លៃ​ថា បេសកកម្ម​ការទូត​របស់​លោកជំទាវ​នា​ពេល​នេះ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង ស្រប​ពេល​ពិភពលោក​មាន​ភាព​មិន​ប្រាកដប្រជា ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស និង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​មាន​ជាអាទិ៍ ការប្រែប្រួល​អាកាសធាតុ និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​យ៉ាងណាក៏ដោយ ក៏​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ឥណ្ឌា នៅតែ​ឈរ​រឹងមាំ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ និង​បាន​នាំមក​នូវ​ការ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ ដែល​ជា​ផលប្រយោជន៍​យ៉ាង​ច្រើន​ជូន​ប្រទេស និង​ប្រជាជន​ទាំងសងខាង។ សមិទ្ធផល​ជា​ច្រើន​បាន​កើត​ចេញពី​ទំនាក់ទំនង​ដ៏​ស្អិត​រមួត​រវាង​ប្រទេស​ទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារ​ជាតិ និង​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន។

សម្តេច​រដ្ឋសភាធិបតី បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​ជា​ខ្លាំង នូវ​លទ្ធផល នៃ​ជំនួប​រវាង​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពីដើម​ខែ​តុលា កន្លងទៅ ថ្មីៗ​នេះ ជាពិសេស​លើ​ការ​ឯកភាព​គ្រោង​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។

ជាមួយ​គ្នា​នេះ សម្តេច​រដ្ឋសភាធិបតី បាន​ស្នើ លោកជំទាវ​ឯកអគ្គរដ្ឋទូត ជួយ​ជំរុញ និង​កៀរគរ​អ្នក​ទេសចរ អ្នក​វិនិយោគ​ឥណ្ឌា មក​ទស្សនា និង​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ឡើង។ ជាមួយ​គ្នា​នេះ សម្តេច​រដ្ឋសភាធិបតី ក៏បាន​ស្នើ​ដល់​ប្រទេស​ឥណ្ឌា​ជួយ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា​ដល់​សិស្ស​និស្សិត​កម្ពុជា ក៏ដូចជា​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា​ផង​ដែរ។

លោកជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​រដ្ឋសភាធិបតី ដែល​បាន​ចងចាំ និង​បាន​រំលឹក​រឿង​រាវ​អតីតកាល​។ ជាមួយ​គ្នា​នេះ លោកជំទាវ បាន​គូស​បញ្ជាក់​ថា មិន​ខុស​ពី​អតីតកាល​នោះ​ទេ ទៅ​ថ្ងៃ​អនាគត និង​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា នៅតែ​បន្ត​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សន្យា​ថា នឹង​ខិតខំ​ជំរុញ ព្រមទាំង​កៀរគរ​អ្នកទេសចរ អ្នក​វិនិយោគ​ឥណ្ឌា​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ត្បិត​អី​ពលរដ្ឋ​ឥណ្ឌា​ជាច្រើន​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​មក​ទស្សនា​កម្ពុជា ជាពិសេស​សំណង់​ប្រាសាទ​បុរាណ​នៅ​កម្ពុជា ដែល​ជា​ស្ថាបត្យកម្ម​បុរាណ​ដ៏​ល្អ​ឯក។

សម្តេច​រដ្ឋសភាធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រីកចម្រើន នៃ​ទំនាក់ទំនង នៃ​រដ្ឋសភា​ទាំងពីរ ហើយ​គូស​បញ្ជាក់​ផង​ដែរ​ថា រដ្ឋសភា​កម្ពុជា​-​ឥណ្ឌា ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​នានា បាន​គាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​វេទិកា​អន្តរ​សភា​ជាច្រើន មានដូចជា APPF, APF, IPU និង AIPA ជាដើម​។ កាលពី​ឆ្នាំ​២០២២​កន្លងទៅ ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម អំ បឺ​រ​ឡា (OM BIRLA) ប្រធានរដ្ឋសភា​ឥណ្ឌា បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ហើយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី ១ រដ្ឋសភា បាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា ក្នុង​ក្របខ័ណ្ឌ​សភា​អាយ​ប៉ា​។ រដ្ឋសភា​កម្ពុជា បាន​បង្កើត​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​ឥណ្ឌា ដែល​ក្រុម​មិត្តភាព​សភា​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ប្រជាជន​ និង​ប្រជាជន ការពង្រឹង​ និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ វិស័យ​ការទូត​សភា ការចែករំលែក​បទពិសោធន៍​គ្នា​លើ​ការងារ​នីតិកម្ម និង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅ​គ្រប់​វេទិកា​អន្តរ​សភា​ទាំង​ក្នុង​តំបន់ និង​សកលលោក។

លោកជំទាវ​បណ្ឌិត ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​សន្យា​ថា នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​កម្ពុជា ជាពិសេស​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី លើ​ការ​លើក​កម្ពស់​សមត្ថភាព និង​ផ្តល់​ភាព​អង់អាច​ដល់​កុមារី យុវតី ស្ត្រី។ ជាមួយ​គ្នា​នេះ ឥណ្ឌា ក៏​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល និង​ផ្លាស់ប្តូរ​លើ​វិស័យ​រួមមាន បច្ចេកវិទ្យា កសិកម្ម អប់រំ វប្បធម៌ ថាមពល ការ​ជួយ​អភិរក្ស​ប្រាសាទ​បុរាណ ជាដើម។

លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏បាន​គោរព​អញ្ជើញ សម្តេច​រដ្ឋសភាធិបតី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ពេល​សមស្រប​ណាមួយ ដែល​ការ​អញ្ជើញ​នេះ សម្តេច​រដ្ឋសភាធិបតី បាន​ទទួល​យក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម