ព័ត៌មានជាតិ
អ្នកប្រឡងបាក់ឌុបមិនជាប់ កុំអស់សង្ឃឹម អតីតសិស្សម្នាក់ ប្រាប់ពីជំនាញ បើកអាជីវកម្មផ្ទាល់ខ្លួន
យុវជន ម៉ៅ វ៉ាន់ថេន ជានិស្សិតថ្នាក់បរិញ្ញាបត្ររងជំនាញមេកានិកទូទៅ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកទឹកចិត្តដល់យុវជនដែលប្រឡងបាក់ឌុបមិនជាប់ កុំមានការអស់សង្ឃឹម ហើយសូមងាកមកសិក្សាចាប់យកជំនាញបច្ចេកទេសវិញ ព្រោះប្រទេសកម្ពុជាកំពុងត្រូវការអ្នកបច្ចេកទេសជាច្រើន ដូចជាផ្នែកគ្រឿងបន្លាស់នៅតាមរោងចក្រសហគ្រាស ជំនាញជួសជុលគ្រឿងយន្ត ជំនាញមេកានិកទូទៅ និងជំនាញអគ្គិសនីជាដើម…។

ក្នុងនាមជាអតីតសិស្សប្រឡងមិនជាប់បាក់ឌុបដែរនោះ យុវជន ម៉ៅ វ៉ាន់ថេន បានអំពាវនាវដល់យុវជនដទៃទៀត កុំយកពេលវេលាប្រព្រឹត្តអំពើមិនល្អក្នុងសង្គម ហើយត្រូវយកពេលមកសិក្សាជំនាញមួយច្បាស់លាស់ដែលអាចជួយខ្លួនឯងបាននាពេលអនាគតវិញ។
យុវជនដែលស្រឡាញ់ជំនាញមេកានិកទូទៅរូបនេះ ក៏បានចែករំលែកបទពិសោធន៍ថា “ទោះបីជាខ្ញុំប្រឡងមិនជាប់បាក់ឌុបក៏ដោយ តែខ្ញុំតាំងចិត្តថា ចូលរៀនថ្នាក់បរិញ្ញាបត្ររងជំនាញបច្ចេកទេសជាមុនសិន ហើយក៏មានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនផ្នែកមេកានិកទូទៅនៅស្រុកកំណើតពេលរៀនចប់ បន្ទាប់មកបើមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់នោះ ខ្ញុំនឹងបន្តសិក្សាថ្នាក់បរិញ្ញាបត្រថែមទៀត”។

ទន្ទឹមនេះ យុវជន ម៉ៅ វ៉ាន់ថេន បានទទួលដំណឹងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀលទៀត សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចំនួន ១,៥ លាននាក់ ដែលនេះជាដំណឹងល្អណាស់សម្រាប់យុវជនមិនទាន់មានជំនាញច្បាស់លាស់ និងមិនមានលទ្ធភាពចូលរៀនជំនាញវិជ្ជាជីវៈ ឬ ជំនាញបច្ចេកទេស។
ដូចគ្នានេះ យុវជន ច្រឹក ឡេងប៊ុនលី ជានិស្សិតផ្នែកមេកានិករថយន្ត នៃវិទ្យាស្ថាន NPIC ក៏យល់ឃើញថា ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ត្រូវតែមានជំនាញមួយច្បាស់លាស់ដើម្បីខ្លួនឯង និងគ្រួសារ ប្រសើរជាងយកពេលវេលាដើរលេងច្រើនពេក។ យុវជនរូបនេះ ក៏ជំរុញដល់យុវជន គួរចំណាយពេលខ្លីចូលរៀនជំនាញវិជ្ជាជីវៈ ឬ ជំនាញបច្ចេកទេសណាមួយដែលខ្លួនស្រឡាញ់ដោយឥតគិតថ្លៃនៅវិទ្យាស្ថាន NPIC តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលបានប្រកាសអនុវត្តជាផ្លូវការហើយ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ កំពុងរង់ចាំស្វាគមន៍យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក៏ដូចជាបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ មានអាយុចាប់ពី ១៥ ឆ្នាំឡើង អាចចុះឈ្មោះចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត ១ រយៈពេលខ្លីដោយឥតគិតថ្លៃ លើវិស័យដូចជា វិស័យសំណង់ វិស័យអគ្គិសនី និងថាមពល វិស័យមេកានិករថយន្ត វិស័យកម្មន្តសាល វិស័យសេវាកម្មធុរកិច្ច និងព័ត៌មានវិទ្យា វិស័យអេឡិចត្រូនិក វិស័យបរិក្ខារត្រជាក់ និងកម្តៅ វិស័យសេវាកម្ម វិស័យទេសចរណ៍ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

សម្រាប់ការស្វែងរកព័ត៌មាន នៃការចុះឈ្មោះ និងស្វែងរកព័ត៌មានផ្សេងៗ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) សូមចូលទៅកាន់គេហទំព័រ npic.edu.kh (https://npic.edu.kh/) ឬ តាមរយៈហ្វេសប៊ុកឈ្មោះថា NPIC- National Polytechnic Institute of Cambodia (https://www.facebook.com/npic.edu.kh)៕
សូមទស្សនាវីដេអូខាងក្រោម ៖





-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច