ព័ត៌មានជាតិ
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម លើកទី ១ ចាប់ផ្ដើមនៅថ្ងៃទី ៥ ធ្នូ
កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី ១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធជាច្រើនទៀត រួមមាន តំណាងក្រសួងសំខាន់ៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នៃប្រទេសទាំងបី ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ចូលរួមជាច្រើនរយនាក់។

ពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំកំពូលសភា CLV បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ និង ឯកឧត្ដម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ។

ថ្នាក់ដឹកនាំប្រទេសឡាវ បានលើកឡើងពីសារៈសំខាន់ នៃការជួបជុំជាប្រវត្តិសាស្ត្រនេះថា នឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួម និងជំរុញការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទាំងបី កាលពីឆ្នាំ ១៩៩៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នាំមកផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះការជួបជុំគ្នារបស់តំណាងប្រជាពលរដ្ឋនាឱកាសនេះ ថា នឹងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ឡើង ដើម្បីផលប្រយោជន៍ប្រទេសទាំងបី ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។

កិច្ចប្រជុំកំពូលសភា CLV នាពេលនេះ បានលើកកម្ពស់កម្រិតពីកិច្ចប្រជុំកម្រិតគណៈកម្មការជំនាញ នៃរដ្ឋសភាប្រទេសទាំងបី ដែលបានជួបជុំគ្នាជាប្រចាំនាពេលកន្លងមក។ តំបន់អភិវឌ្ឍន៍ត្រីកោណ នៃប្រទេសទាំងបីមានចំនួន ១៣ ខេត្ត ប្រទេសវៀតណាម ៥ ខេត្ត ប្រទេសឡាវ ៤ ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

គោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាទស្សនៈដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

តំបន់អភិវឌ្ឍន៍ត្រីកោណ នៃប្រទេសទាំងបី ជាតំបន់ប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ កិច្ចប្រជុំនាឱកាសនេះ សង្ឃឹមថានឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលប្រទេសទាំងបី ក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ជាពិសេសការពង្រឹងទំនាក់ទំនងរដ្ឋសភា ប្រជាជន និងប្រជាជន នឹងត្រូវបានលើកកម្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងបីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាពិសេសការកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍ត្រីកោណឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងបច្ចេកវិទ្យា ជាដើម៕


-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


