ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប៖ រដ្ឋាភិបាលទុកការអប់រំជាវិស័យសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ឆ្ពោះទៅរកចំណូលកម្រិតខ្ពស់
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអប់រំជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

លោកលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្សជ័យលាភីឆ្នាំសិក្សា២០២២-២០២៣ និងផ្ដល់បណ្ណសរសើរដល់សិស្សពូកែ និងលោកគ្រូ អ្នកគ្រូមានស្នាដៃឆ្នើម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ។ លោកបានបន្តទៀតថា បច្ចុប្បន្ន ការអប់រំត្រូវផ្តោតសំខាន់ទៅលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន។
ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើងរុងរឿង។ នេះបើតាមការបញ្ជាក់របស់លោក ពិន ប្រាកដ។

អភិបាលរងខេត្តក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូអ្នកគ្រូនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន នាំឱ្យសាលាមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ លោកក៏បានកោតសរសើរដោយស្មោះចំពោះ សិស្សានុសិស្សជ័យលាភី សិស្សានុសិស្សរៀនពូកែ និងគ្រូបង្រៀនឆ្នើមទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀន និងរៀនសូត្ររហូតទទួលបានជ័យលាភីនាពេលនេះ។

ជាមួយគ្នានោះដែរ លោកក៏សុំស្នើដល់គណៈគ្រប់គ្រងសាលាអន្តរជាតិភ្យូឆឺរប្រាយ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសិក្សាភាសាអង់គ្លេសប្រកបដោយគុណភាពកម្រិតស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីផ្តល់ចំណេះដឹង បំណិន ជំនាញ និងឥរិយាបទដល់សិស្សានុសិស្សឱ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ សំដៅធានាឱ្យពួកគេអាចធ្វើការងារ ព្រមទាំងរស់ក្នុងយុគ្គសម័យសាកលភាវូបនីយ៍កម្ម និងសង្គមពុទ្ធិ និងពង្រីកវិសាលភាពបណ្តុះបណ្តាលនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសឱ្យអ្នកសិក្សាបានចូលរៀន និងទទួលបានគុណភាពអប់រំពិតប្រាកដ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រក្រសួងអប់រំ យុវជន និងកីឡាទៀតផង។

លោក ម៉ាន់ វុឌ្ឍី ប្រធាននាយកដ្ឋាន នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានឲ្យដឹងថា សាលាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សចាប់ពីកម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសិក្សាភាសារអង់គ្លេសដោយប្រើប្រាស់វិធីសាស្ត្របង្រៀនបែបទំនើបកម្មស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដើម្បីផ្តល់ចំណេះដឹង បំណិន ជំនាញ និងឥរិយាបថល្អដល់សិស្សានុសិស្សប្រកបដោយគុណភាពកម្រិតស្តង់ដាជាតិ និងអន្តរជាតិ ដែលពួកគេអាចប្រឡងសិស្សពូកែទូទាំងប្រទេស សំដៅបន្តការសិក្សាកម្រិតឧត្តមសិក្សាក្នុង និងក្រៅប្រទេសប្រកបដោយជោគជ័យ។
លោក ម៉ាន់ វុឌ្ឍី បានបន្តថា ជាក់ស្ដែងសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិមានសិស្សចំនួន ១២៩នាក់ ប្រឡងជាប់ទាំង ១២៩នាក់ ស្មើនឹង១០០ភាគរយ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១២៦នាក់ ស្មើនឹង ៩៣ភាគរយ ក្នុងនោះនិទ្ទេស A ចំនួន ២១នាក់, និទ្ទេស B ចំនួន ៣៤នាក់ និងនិទ្ទេស C ចំនួន ៣៥នាក់៕
ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


