Connect with us

ព័ត៌មានជាតិ

​សម្ដេចតេជោ ហ៊ុន សែន៖ និន្នាការកើនឡើង ទណ្ឌកម្មសេដ្ឋកិច្ច​ ក្រោមហេតុផល​ប្រជាធិបតេយ្យ ជា​លេស​លូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋដទៃ

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍លើកឡើងពីការ ព្រួយបារម្ភអំពី​និន្នាការកើនឡើង​នៃការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែលសម្ដេចអះអាងថា គឺជាលេសសម្រាប់ប្រទេសមហាអំណាចមួយចំនួនលូកដៃចូល​ជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយចំនួន​ដែលទន់ខ្សោយ។

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ានក្នុងការបង្កើតសណ្ដាប់​ធ្នាប់ពិភព​លោកថ្មី​ប្រកបដោយយុត្តិធម៌ តាមប្រព័ន្ធអនឡាញ» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន ​មានប្រសាសន៍ថា ពិភពលោកបានឈានដល់របត់ផុយស្រួយ ​មិនធ្លាប់មាននាប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ​ដែលមានការផ្ទុះឡើងវិញនូវជម្លោះប្រដាប់អាវុធ និងអស្ថិរភាពនៅតាមតំបន់មួយចំនួន បង្កជាវិនាសកម្ម និងការបាត់បង់ជីវិត​ជនស្លូតត្រង់ជាច្រើន។

​សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ​រវាង​ប្រទេសមហាអំណាច បាន​បង្កការព្រួយបារម្ភ ដល់ប្រទេស​ជាច្រើន​នៅក្នុងពិភពលោក​ ដែលសុទ្ធតែមិនចង់ឃើញការប្រកួតប្រជែងមួយនេះ ដែល​នាំ​ទៅដល់ល្បែង​ផលបូក​ស្មើសូន្យនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បាននាំឱ្យមានឯក​តោភាគីនិយម និងជាតិនិយម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រការកាត់ផ្ដាច់ពីគ្នា ជាជាង​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលបានធ្វើឱ្យរង្គោះរង្គើទៅដល់គុណតម្លៃនានា នៃសណ្ដាប់ធ្នាប់អន្តរជាតិ ដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូល។

​សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការប្រកាន់យកនូវយុទ្ធសាស្ត្រ បានបង្កឱ្យមានការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​ទៅលើការ​ជឿទុកចិត្តជាយុទ្ធសាស្ត្រ​រវាងប្រទេសមហាអំណាច ដែលជាកត្តា ធ្វើឱ្យរាំង​ស្ទះទៅដល់​ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល ដែលជាប្រយោជន៍ និងកង្វល់រួមដូចជាការរីករាលដាលនៃជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខ មិនប្រពៃណីជាច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អាស៊ានបានក្លាយទៅជាទីលាន​ប្រកួតប្រជែងដ៍ក្ដៅគកុក​រវាងមហាអំណាច ដោយវេទិកា ដឹកនាំដោយអាស៊ានត្រូវបានយកទៅប្រើប្រាស់​ដោយរបៀប​វារៈរៀងៗ​ខ្លួន ដែលពេលខ្លះ មិនត្រឹមតែមិននបានរួមចំណែកទៅដល់ការសម្រេច​បាននូវអាទិភាព​អាស៊ាន​ថែមទាំងធ្វើឱ្យបញ្ហាតំបន់មួយចំនួនកាន់តែលំបាក និងស្មុគស្មាញ។

សម្ដេចបញ្ជាក់ជាថ្មីថា៖ «យើងមិនចង់ជ្រើសរើសរវាងភាគីណាមួយឡើយ ដោយចាត់ទុកភាគីទាំងអស់ជាដៃគូមិនអាចខ្វះបាន​សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ ដោយការប្រកាន់ភ្ជាប់នូវមជ្ឈភាពអាស៊ាន និងបម្រើប្រយោជន៍ឱ្យយើងទាំងអស់គ្នា រួមទាំងដៃគូ របស់អាស៊ានផងដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ប្រវត្តិសាស្ត្របានបង្រៀនយើងច្រើនលើកច្រើនសារ​ហើយថា ការជ្រៀតជ្រែក ហើយអាក្រក់ជាងនេះ ​ការប្រើប្រាស់មធ្យោបាយយោធា ដើម្បីបង្ខំ​ឱ្យទទួលយកប្រព័ន្ធ អភិបាលកិច្ចណាមួយនោះ ​មិនមែនជាដំណោះស្រាយល្អនោះទេ កម្ពុជាធ្លាប់រងគ្រោះនូវសោកនាដកម្មនេះរួចហើយ។ ទង្វើទាំងអស់នេះ គឺផ្ទុយទៅនឹងអ្វីដែលប្រទេសមួយចំនួន តែងតែទាមទារឱ្យប្រកាន់ភ្ជាប់នូវសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ព្រោះថា ទង្វើទាំងអស់នេះ គឺជាការបំពាន ដែលជាគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺអធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនានាទោះធំ ឬតូចក្ដី។

សម្ដេចបញ្ចាក់ថា កម្ពុជាប្ដេជ្ញាបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី ជាពិសេសអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព​នូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ២០២១-២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

និន្នាការថ្មីកំពុងផ្ទុះនៅចិន យុវវ័យដើរយំនៅកន្លែងសាធារណៈ ដើម្បីឲ្យអារម្មណ៍ធូរស្បើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថៃបើកម៉ោង៨ កម្ពុជាបើកម៉ោង៩ ក្រោយភាគីថៃបើកបិតជាឯកតោភាគី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តកោះកុង សម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤រសៀល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត

នយោបាយ៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

Sokha Hotels

ព័ត៌មានពេញនិយម