ព័ត៌មានជាតិ
លោកស្រី ជា សិរី ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងបន្តងើបឡើងជាមួយកម្រិតទាបនៃអតិផរណា
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ នឹងបន្តងើបឡើងជាលំដាប់ ជាមួយកម្រិតទាបនៃអតិផរណា បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ លោកស្រី បានឱ្យដឹងទៀតថា ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងបានរួមចំណែកក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ស្របពេលដែលការកើនឡើងនៃអត្រាឥណទានមិនដំណើរការស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ដោយរំពឹងថា នឹងថយចុះមកវិញក្នុងពេលខាងមុខ។ លោកស្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរាជទូត Justin Whyatt កាលពីរសៀលថ្ងៃទី ២៤ មករា ឆ្នាំ ២០២៤។

បើតាមលោកស្រី ជា សិរី កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ទោះជាសេដ្ឋកិច្ចពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយពិលាសក្នុងការបន្តដំណើរលើមាគ៌ាឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។
កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៣ បានកើនឡើងក្នុងអត្រា ៥,៥% ដែលគាំទ្រដោយការបន្តងើបឡើងនៃវិស័យទេសចរណ៍ សន្ទុះកំណើនថ្មីនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាប់នាំចេញ កំណើនតម្រូវការក្នុងស្រុក ជាមួយនឹងការគាំទ្រក្នុងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជា កំណើនចំណាយរាជរដ្ឋាភិបាល ការអនុគ្រោះផ្នែកសារពើពន្ធ និងការគាំទ្រពីប្រព័ន្ធធនាគារ ជាដើម។
លោកស្រី ជា សិរី បានសង្កត់ធ្ងន់ថា ការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គមយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងជំនឿទុកចិត្តវិនិយោគិន ព្រមទាំងទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក្នុងការបន្តបេសកកម្មជំរុញការងើបឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
ជាមួយគ្នានេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ។
យោងតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក។ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


