ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ផ្ដល់គុណប្រយោជន៍ដល់សហគមន៍លើសពីការប្រកួតប្រជែង
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានលើកឡើងថា «ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ផ្ដល់គុណប្រយោជន៍ដល់សហគមន៍ លើសពីការប្រកួតប្រជែង»។

តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា រយៈពេល ២ ថ្ងៃ កន្លងមកនេះ ប្រធានមណ្ឌលសុខភាព និងនាយក/នាយិកាសាលា ចំនួន ១៥ អង្គភាព បានធ្វើបទបង្ហាញក្នុងដំណាក់កាលវាយតម្លៃចុងក្រោយ (ថ្នាក់ជាតិ) នៃកម្មវិធីវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរបន្តថា ទន្ទឹមនឹងការធ្វើបទបង្ហាញនីមួយៗ គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានស្ដាប់ដំណើរដើមទង ដំណើរវិវត្ត និងអភិបាលកិច្ចរបស់សាលារៀន និងមណ្ឌលសុខភាព ពីមួយដំណាក់កាល ទៅមួយដំណាក់កាល។ អ្វីដែលជាការកត់សម្គាល់ លើសពីការចូលរួមប្រកួតប្រជែងនោះ គឺ លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំអង្គភាព បានបង្ហាញពីទឹកចិត្ត ក្ដីស្រឡាញ់ ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងឆន្ទៈដ៏មោះមុតរបស់បុគ្គលិក សមាជិក សមាជិកា នៃអង្គភាពនីមួយៗ ក្នុងដំណើរការលើកកម្ពស់អង្គភាពរបស់ខ្លួនផង និងធ្វើយ៉ាងណាផ្ដល់សេវាជូនសហគមន៍កាន់តែប្រសើរផង។

ឯកឧត្ដម បានសរសេរបន្ថែមថា ឥទ្ធិពល ឬ គុណប្រយោជន៍ដែលជាផលជះលើសពីការប្រកួតប្រជែងនេះ មិនត្រឹមតែបានលើកកម្ពស់គុណភាពការងារ សោភ័ណភាព នៃហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យរបស់អង្គភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវា រហូតបានក្លាយជាអង្គភាពគំរូនោះទេ ថែមទាំងជាយន្តការមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព នៃការផ្ដល់សេវាសាធារណៈ ដើម្បីជាប្រយោជន៍ជូនប្រជាជន ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ នវានុវត្តន៍ និងសុខដុមនីយកម្មសហគមន៍ ហើយបង្កើតបាននូវមោទនភាពទាំងសហគមន៍ និងប្រទេសជាតិ ស្របពេលជាមួយគ្នា។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសរសេរបញ្ជាក់បន្ថែមថា គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) សូមចូលរួមអបអរសាទរ អង្គភាពផ្ដល់សេវាសាធារណៈគំរូទាំងអស់ដែលឈានមកកាន់ដំណាក់កាលវាយតម្លៃចុងក្រោយនេះ។ ទន្ទឹមនឹងនេះ គ.វ.ជ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ទោះក្នុងលទ្ធផលយ៉ាងណាក៏ដោយ អង្គភាពផ្ដល់សេវាសាធារណៈគំរូទាំងអស់ នឹងបន្តអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន ដើម្បីបន្តផ្ដល់ភាពជាគំរូសម្រាប់អង្គភាពដទៃទៀត ក៏ដូចជាបន្តបង្កើនកម្រិតស្តង់ដារគុណភាពផ្ដល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរបន្ថែមទៀត៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


