ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសធំៗបានកើនឡើងនៅដើមឆ្នាំ ២០២៤
ទំហំពាណិជ្ជកម្ពុជា ជាមួយប្រទេសធំៗនៅលើពិភពលោក បានកើនឡើងគួរឱ្យកត់សម្គាល់ នៅដើមឆ្នាំ ២០២៤នេះ។ ផ្ទុយពីឆ្នាំ ២០២៣ កន្លងទៅ ដោយការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា អន្តរជាតិ មានការថមថយ ក្រោយរងគ្រោះដោយជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅខែ មករា ដើមឆ្នាំ ២០២៤ ប្រទេសកម្ពុជា មានទំហំពាណិជ្ជកម្មកើនឡើងជាមួយប្រទេស ចិន វៀតណាម អាមេរិក ជប៉ុន កាណាដា សិង្ហបុរី អេស្ប៉ាញ និងហុងកុងជាដើម។
ប្រភពដដែលបានបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំធំជាងគេដោយសម្រេចបានប្រមាណ ១,១៥ពាន់លានដុល្លារ នៅក្នុងខែ មករា ឆ្នាំ ២០២៤ កើនឡើង ១៨,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួនតែជាង ៩៧២លានដុល្លារ។ ក្នុងនោះ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន មានចំនួនជាង ១២១លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១,០៣ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកប្រទេសវៀតណាម មានទំហំពាណិជ្ជកម្មជាមួយកម្ពុជាជាង ៦៧៧លានដុល្លារ កើនឡើងប្រមាណ ៤១,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួនជាង ៤៧៨លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅវៀតណាម គិតជាទឹកប្រាក់ចំនួនជាង ៣៧៣លានដុល្លារ និងនាំចូលមានចំនួនជាង ៣០៤លានដុល្លារ។

ចំណែកការដោះដូរទំនិញជាមួយអាមេរិក ជាប់ចំណាត់ថ្នាក់ទី៣ គឺមានចំនួនទឹកប្រាក់ប្រមាណជាង ៦៤៤លានដុល្លារ មានការកើនឡើងប្រមាណ ១០,៨%។ ក្នុងនោះការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក មានចំនួនជាង ៦២៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១៧លានដុល្លារ។
ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបានប្រមាណជិត ១៦០លានដុល្លារ នៅក្នុងខែមករាកន្លងទៅ ពោលគឺមានការកើនឡើងចំនួនជាង ៨,៩%។ ក្នុងនោះ ការនាំចេញពីកម្ពុជា ទៅជប៉ុន បានចំនួនជាង ១១៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៤២លានដុល្លារអាមេរិក។
ក្រៅពីនេះ មានដូចជាប្រទេសកាណាដា មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ចំនួនជាង ៨៤លានដុល្លារ កើនឡើងជិត ៥៥%, ប្រទេសសិង្ហបុរី មានពាណិជ្ជកម្មជាមួយកម្ពុជា ចំនួនជាង ៨៣លានដុល្លារ កើនឡើង ៥២% និងប្រទេសអេស្ប៉ាញមានពាណិជ្ជកម្មជាមួយកម្ពុជា ចំនួនជាង ៧១លានដុល្លារ កើនឡើង ៥១,១% ។
របាយការណ៍គយ បានបង្ហាញទៀតថា ពេញមួយខែមករា ឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា អន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងចំនួនជិត ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួនជាង ៣,៤៧ពាន់លានដុល្លារប៉ុណ្ណោះ។
ការកើនឡើងនៃទំហំពាណិជ្ជកម្មនៅដើមឆ្នាំ ២០២៤នេះ ស្របជាមួយនឹងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានការកើនឡើងរង្វង់ ៦,៦% នៅឆ្នាំនេះ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានខិតខំដើរទាក់ទាញវិនិយោគិនពីក្រៅប្រទេស ដើម្បីឱ្យមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្តែងសម្តេច ហ៊ុន ម៉ាណែត បានដើរទាក់ម៉ូយជាច្រើនប្រទេសដែលសម្តេចបានទៅដល់ នៅក្នុងអាណត្តិដែលសម្តេចជានាយករដ្ឋមន្រ្តី មានដូចជា ទៅកាន់អាមេរិក ជប៉ុន វៀតណាម ចិន និងថៃជាដើម។ រាល់ការចេញទៅក្រៅប្រទេស សម្តេចតែងតែអនុញ្ញាតឱ្យប្រធានក្រុមហ៊ុនធំៗចូលជួបសម្តែងការគួរសមរម្យ និងបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ទៅកាន់ក្រុមហ៊ុនទាំងនោះផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ