Connect with us

ព័ត៌មានជាតិ

ប្រៀបធៀប​ចំណូល​ពន្ធដារ​ និង​ពន្ធគយ​​នៅ​ឆ្នាំ ២០២៣ សម្រេច​បាន​​ខុស​គ្នា​យ៉ាងណា​ខ្លះ?

បានផុស

នៅ

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២៣​ រួមទាំង​​លទ្ធផល​នៃ​ការ​កៀរគរ​ចំណូល​ចូលថវិកាជាតិ។

នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋានពន្ធដារ កាលពី​ថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​ពន្ធដារបាន​បង្ហាញ​ពី​របាយការណ៍​ចំណូល​រយៈពេល ១២ ខែ ឆ្នាំ២០២៣។

តាមរបាយការណ៍​ ចំណូល​ពន្ធអាករ​​ប្រមូល​បានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញរបស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​​​ក្នុង​ឆ្នាំ ២០២៣ មាន​ចំនួន ១៤ ៦២៩.១០ ប៊ី​លាន​រៀល (ប្រមាណ​ជា ៣ ៦១២.១២ លាន​ដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការ​​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ២០២៣ ធៀប​នឹង​ចំណូល​ពន្ធអាករក្នុងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០២២ ​កើន​ឡើង​ចំនួន ៦២៨.២៨ ប៊ីលានរៀល (ប្រមាណ​ជា ១៥៥.១៣ លាន​ដុល្លារ) ស្មើ​នឹង​ ៤.៤៩%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ ២០២៣ គឺជាឆ្នាំទី៥ និង​ជា​ឆ្នាំ​ចុងក្រោយនៃ​យុទ្ធសាស្រ្តកៀរគរ​ចំណូល​រយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ ហើយ​ឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការ​អនុវត្តយុទ្ធសាស្រ្ត​កៀរគរ​ចំណូល​ដំណាក់កាល ៥ ឆ្នាំ បន្ទាប់ ២០២៤-២០២៨។

យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាលផ្តោត​សំខាន់​ទៅលើការ​ធ្វើ​បច្ចុប្បន្នភាព និង​ទំនើបកម្មគោលនយោបាយនិងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើន​សមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូស​បញ្ជាក់ថា ជោគជ័យ​នៃការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធក្នុងរយៈពេល ៥ ឆ្នាំជាប់គ្នាគឺជាផ្លែផ្កា​នៃការពង្រឹង​សមត្ថភាព និងប្រព័ន្ធគ្រប់គ្រង​របស់​រដ្ឋបាល​សារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើន​នៃកម្រិត​អនុលោមភាព​ដោយ​អ្នកជាប់ពន្ធ។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏​បាន​រៀបចំ​កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តបន្ត។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា បានរាយការណ៍​ពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន ចំណូល​ពន្ធគយ​ប្រមូល​បានមាន​ចំនួន ៩ ២៦៧.៤៨ ប៊ី​លាន​​រៀល (ស្មើនឹងប្រមាណ ២ ២៨៨.២៧ លានដុល្លារ) ថយ​ចុះ​ប្រមាណ ១៥.៧% ធៀបនឹងចំណូលក្នុងឆ្នាំ​២០២២​។ លទ្ធផលនេះ​សម្រេចបាន ៨២.៤% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ​២០២៣​។

ទាក់ទង​ការប្រមូលចំណូលពុំបានសម្រេចតាមផែនការ លោក ​គុណ ញឹម បាន​លើកឡើង​ថា បណ្ដាលមក​ពីកត្តា​ប្រឈម​​ធំៗ​មួយ​ចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារ​មុខទំនិញយានយន្ត ដែល​កន្លងមកជា​ប្រភពចំណូល​សំខាន់​របស់​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិង​ភាពស៊ី​ជម្រៅ​នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់​នៃផលិតកម្មក្នុង​ស្រុក​ជំនួស​ការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែល​កាន់តែស្មុគស្មាញ និង​ជ្រក​ក្រោម​រូបភាពថ្មីៗជាដើម។

បើ​តាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ​គិតតាមប្រភេទ​ពន្ធនិងអាករ​ឃើញ​ថា អាករ​លើ​តម្លៃ​បន្ថែម​គ្រប​ដណ្តប់​ ៤១.២% នៃ​ចំណូល​សរុប, អាករ​ពិសេស​​ ៣០.៣% នៃ​ចំណូលសរុប, ពន្ធគយ​មាន ២១% នៃ​ចំណូល​សរុប, អាករ​បន្ថែម​លើ​ផលិតផល​​ប្រេង​ឥន្ធនៈ​ ៤.៣% នៃ​ចំណូល​សរុប និង​អាករ​នាំចេញ​និង​កម្រៃ​ផ្សេងៗ​ ១.៨% នៃ​ចំណូល​សរុប។

ចំពោះ​ចំណូល​តាមក្រុម​ទំនិញ​ ក្រុម​ទំនិញ​ចម្រុះ​មាន ៣៥.៣% នៃចំណូលសរុប, យានយន្ត​និង​គ្រឿងចក្រ​មាន ៣១.១% នៃ​ចំណូលសរុប, ប្រេងឥន្ធនៈ​និងថាមពលមាន ២៦.៦% នៃ​ចំណូល​សរុប, និង​សម្ភារសំណង់​និងកម្រៃផ្សេងៗ​មាន ៧% នៃ​ចំណូលសរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម