ព័ត៌មានជាតិ
លោក ខៀវ ភារិទ្ធ បានជំរុញឲ្យយុវជនចូលរួមផ្តល់ឈាមឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយជនងាយរងគ្រោះ
លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានលើកទឹកចិត្តឲ្យយុវជនចូលរួមការងារសង្គមឲ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសការផ្តល់ឈាមនេះ ផ្តល់អត្ថប្រយោជន៍ដល់យុវជនទ្វេដងក្នុងពេលតែមួយ ដោយអាចជួយការងារមនុស្សធម៌នៅក្នុងសង្គម ជួយដល់អ្នករងគ្រោះដែលត្រូវការឈាមជាចាំបាច់ និងសន្សំបុណ្យកុសលដ៏ថ្លៃថ្លាសម្រាប់បុគ្គលខ្លួនឯងទៀតផង។

ការថ្លែងបែបនេះនៅក្នុងកម្មវិធីផ្តល់ឈាម ដែលរៀបចំដោយក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ សហការជាមួយសាកលវិទ្យាល័យជាស៊ីមកំចាយមារ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅឯសាកលវិទ្យាល័យជាស៊ីមកំចាយមារ។

លោក ខៀវ ភារិទ្ធ បានប្រសាសន៍ទៅកាន់យុវជនរាប់រយនាក់ឲ្យដឹងថា យុវជនជាសរសៃឈាមដ៏សំខាន់សម្រាប់សង្គមជាតិ ហើយការជួយជ្រោមជ្រែងរបស់យុវជន នឹងធ្វើឲ្យសង្គមកាន់តែរឹងមាំ ហើយការផ្តល់ឈាមនេះ មិនប៉ះពាល់ដល់សុខភាពនោះទេតាមក្បួនវេជ្ជសាស្ត្រ ដូច្នេះសូមយុវជន ចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត។

លោកបណ្ឌិត សិទ្ធ ខន សកលវិទ្យាធិការនៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ បានប្រសាសន៍ថា សិស្សនិស្សិតនៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ តែងតែចូលរួមការងារសង្គម ជាពិសេសការងារផ្តល់ឈាមនេះ ហើយការផ្សព្វផ្សាយ និងការលើកទឹកចិត្តឲ្យយុវជនចូលរួមការងារសង្គម ពិតជាដើរតួរនាទីសំខាន់ណាស់។

លោកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ក្រុមយុវជនដែលក្លាហាន ហ៊ាន បរិច្ចាគ ឈាម ដល់មជ្ឈមណ្ឌលជាតិ ហើយលោកស្រីអះអាងថា រាល់ការផ្តល់ឈាមនឹងយកទៅដល់គោលដៅជនរងគ្រោះ។

លើសពីនេះ លោកស្រី មើក សាមាន បន្តអំពាវនាវឲ្យយុវជនចូលរួមកាន់តែច្រើន ខណៈចំនួនអ្នកផ្តល់ឈាម នៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែង។

លោក ម៉េង ហ៊ុយ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក ស្រុក កំចាយមារ បានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងជាយុវជនគំរូផងនោះ លោក ចាំបាច់ត្រូវតែបំផុសការផ្តល់ឈាម ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ជាពិសេស ជាសារមួយបញ្ជាក់ថា ការផ្តល់ឈាមគឺជាការចូលរួមផ្តល់ក្តីសង្ឃឹមសម្រាប់អ្នកជំងឺ ត្រូវ ការឈាមបន្ទាន់។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់យុវជន សិស្ស និស្សិត សូមចូលរួមផ្តល់ឈាមឱ្យបានគ្រប់ៗគ្នា ព្រោះការបរិច្ចាគឈាម១ប្លោកស្មើនឹងការជួយសង្គ្រោះអាយុជីវិតបានមនុស្សម្នាក់។ ម្យ៉ាង ទៀត ការផ្តល់ឈាមនេះទៀតសោត ពុំប៉ះពាល់សុខភាពរបស់យើងនោះឡើយ។

សូមជម្រាបថា សិស្សនិស្សិត និងក្រុមការងារចុះជួយស.ស.យ.ក ស្រុកកំចាយមារ បានរួមគ្នាផ្តល់ឈាមជួយសង្គ្រោះមនុស្ស យ៉ាងច្រើនកុះករ ហើយឈាមដែលទទួលបានពីការបរិច្ចាគជិត១២៣កំប្លោក៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


