ព័ត៌មានជាតិ
បទយកការណ៍៖ ពលរដ្ឋនាំគ្នាមករង់ចាំបរិច្ចាគឈាមបង្ហាញស្មារតីគាំទ្រកងទ័ពប្រឆាំងការឈ្លានពាន
ចាប់តាំងពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានប្រកាសទទួលការបរិច្ចាគឈាមនៅថ្ងៃទី៩ ខែធ្នូ ដើម្បីត្រៀមជួយសង្គ្រោះដល់ទាហាន និងពលរដ្ឋខ្មែរដែលត្រូវការក្នុងពេលដែលថៃបើកការវាយប្រហារមកលើកម្ពុជា ពលរដ្ឋដែលរស់នៅខេត្តសៀមរាបរាប់រយនាក់បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យនេះជាបន្តបន្ទាប់ដើម្បីចូលរួមទៅតាមអ្វីដែលពួកគេអាចធ្វើបានសម្រាប់ប្រទេសជាតិនៅពេលនេះ។

នៅមុខអាគារបណ្ដុះបណ្ដាលអាគារលេខ១៥ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មនុស្សជាច្រើនកុះករមានទាំងឈរ និងអង្គុយក្នុងដៃកាន់សន្លឹកព័ត៌មានដែលបានបំពេញដើម្បីរង់ចាំចូលទៅបរិច្ចាគឈាម ក្នុងចំណោមមនុស្សទាំងនោះមានអ្នកខ្លះត្រូវរង់ចាំដល់ទៅ២ថ្ងៃឯណោះ។
លោក គង់ ដែលកំពុងអង្គុយចាំរង់ចាំគេហៅលេខដើម្បីបានផ្ដល់ឈាមថា លោកមកតាំងពីថ្ងៃទី៩ ខែធ្នូពេលដែលមន្ទីរពេទ្យទើបប្រកាសដំបូងតែដោយសារមានមនុស្សច្រើននាពេលនោះ លោកបានយកក្រដាសព័ត៌មានទៅបំពេញនៅផ្ទះនឹងបានត្រលប់មកជាថ្មីនៅថ្ងៃបន្ទាប់។ លោកថាទោះបីជារង់ចាំយូរក្ដីតែទឹកចិត្តដែលចង់ផ្ដល់ឈាមនៅតែមានដដែល។
លោកថា៖ «ស្រលាញ់ជាតិ ស្រលាញ់កងទ័ពដែលលោកបានយកជីវិត ឈាមស្បែកដើម្បីការពារជាតិប្រជាជនយើង»។

ក្រៅពីមកជាបុគ្គលមានបុគ្គលិកក្រុមហ៊ុនដែលមកជាក្រុមផងដែរ ដើម្បីបរិច្ចាគឈាមនេះ។ លោកចាន់ ចំរើន ដែលមកជាមួយក្រុមការងារជាង៣០នាក់បានឱ្យកម្ពុជាថ្មីដឹងថាការមករបស់ក្រុមការងារលោកនឹងគឺចង់បង្ហាញឱ្យឃើញពីការគាំទ្រ ការលើកទឹកចិត្ត ដល់រដ្ឋាភិបាល និងកងទ័ពកម្ពុជាដែលបានការពារប្រទេសពីការឈ្លានពាន។
លោកថា៖ «សំណួរ៖ យើងនៅទីនេះមានអារម្មណ៍ភ័យខ្លាចទេ? យើងគិតថាមិនភ័យខ្លាចណាស់ណាទេព្រោះយើងនៅរាងឆ្ងាយដែរ តែបារម្ភជាងគេគឺបងៗវីរៈកងទ័ពឬប្រជាពលរដ្ឋនៅព្រំដែន»។
បន្ថែមលើនេះអ្នកនាង កក្កដា ក៏បានលើកឡើងថា៖ «ហេតុដែលពួកយើងចង់ផ្ដល់ឈាមព្រោះប្រទេសជាតិរបស់យើងកំពុងតែមានសង្គ្រាមហើយឈាមពិតជាមានសារៈសំខាន់មែនទែនសម្រាប់កងទ័ពក៏ដូចជាជនភៀសសឹកទាំងអស់។ យើងស្ម័គ្រចិត្តក្នុងនាមជាជួរក្រោយពិតជាចង់បរិច្ចាគដែលជាកម្លាំងដ៏ខ្លាំងមួយសម្រាប់ប្រទេសជាតិ និងបងៗកងទ័ពរបស់យើងផងដែរ»។

គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានពីថៃបានសម្លាប់ពលរដ្ឋខ្មែរចំនួន១១នាក់ និងរងរបួសមនុស្សចំនួន៧៦នាក់។
កំពុងអង្គុយរងចាំក្នុងរោងដែលមន្ទីរពេទ្យរៀបចំលោក Robert Walter ជាជនជាតិអូស្ត្រាលី ដែលរង់ចាំផ្ដល់ឈាមដែរនោះបានបង្ហាញពីសមានចិត្តចំពោះពលរដ្ឋខ្មែរដោយថាជនជាតិខ្មែរជាជនជាតិស្លូតត្រង់ និងសង្ឃឹមថាការផ្ដល់ឈាមរបស់លោកជាចំណែកមួយនៃការបង្ហាញការគាំទ្រចំពោះកម្ពុជាក្នុងពេលប្រទេសដែលលោកស្រលាញ់នេះកំពុងរងការបំពាន។
លោកថា៖ «ទីមួយខ្ញុំស្អប់ការ Bully កងទ័ពឈ្លានពានថៃចង់បានដីខ្មែរ ហើយអ្វីដែលគេយកពីកម្ពុជាគឺជាអ្វីដែលខ្ញុំមិនចូលចិត្ត»។

លោកថា មនុស្សមានខួរក្បាល គេអាចគិតយល់ហើយថាសង្គ្រាមនេះអ្នកណាជាអ្នកឈ្លានពានអ្នកណា។ គ្មានហេតុផលទាល់តែសោះដែលប្រទេសកម្ពុជាដែលមានកម្លាំងទ័ពខ្សោយជាងថៃទៅបំពានប្រដាប់អាវុធលើថៃនោះ។
នៅក្នុងបន្ទប់បូមឈាមនៅជាន់ទី១នៃអាគារបណ្ដុះបណ្ដាលពេទ្យបង្អែកខេត្តសៀមរាបលោក អុក ពោន ថានេះជាការផ្ដល់ឈាមលើកទី៥របស់លោក និងបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានរួមចំណែកជួយដល់សង្គមជាតិតាមអ្វីដែលអាចចូលរួមបាន។
អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឱសថការី លឹម ហេង សូមការអភ័យទោសដែលធ្វើឱ្យពលរដ្ឋនៅរង់ចាំយូរដោយសារសាលបូមឈាមមានកំណត់ ទោះជាយ៉ាងណាលោកកោតសរសើរពីការចូលរួមរបស់ពលរដ្ឋ ក្នុងពេលដែលកម្ពុជាប្រឈមមុខនឹងសត្រូវឈ្លានពានពេលនេះ ដែលបង្ហាញពីការរួបរួមជាតិ ការគាំទ្រលើស្មារតីជាតិខ្មែរតែមួយ។
លោកថា៖ «ខ្ញុំមានសេចក្ដីរីករាយដែលបន្ទាប់ពីមានការអំពាវនាវរបស់រដ្ឋាភិបាលយើង ហើយបងប្អូនយើងមកពីស្ថាប័នគ្រប់ផ្នែកទាំងអស់ដែលគាត់ចូលរួមយ៉ាងផុលផុសហើយគាត់ជួយផ្សព្វផ្សាយដែលធ្វើឱ្យអ្វីដែលខ្ញុំនិយាយហើយនិយាយទៀតថាការបម្រើសេវាខ្ញុំមិនបាន១០០%នោះដោយថាកត្តាភ្លាមៗ។ សូមអំពាវនាវឱ្យបងប្អូនប្រសិនជាថ្ងៃនេះមកហើយមិនទាន់បានផ្ដល់ទេយើងអាចបន្តបន្ទាប់ទៅថ្ងៃក្រោយទៀត ព្រោះអីនៅក្នុងព្រឹត្តិការណ៍នេះយើងអត់មានកំណត់ថាថ្ងៃណាបានចប់ទេ!»។

លោកបានបញ្ជាក់ថាឈាមដែលបាននៅពេលបរិច្ចាគនេះនឹងត្រូវស្ដុកត្រៀមសម្រាប់ឈាមបម្រុងក្នុងពេលដែលមានតម្រូវការចាំបាច់ពីសមរភូមិមុខ ឬតម្រូវការក្នុងមន្ទីរពេទ្យ។ អ្នកដែលបានបរិច្ចាគឈាមនឹងទទួលបាននូវលិខិតថ្លែងអំណរគុណពីមន្ទីរពេទ្យមួយសន្លឹក និងកាតផ្ដល់ឈាមមួយដែលអាចប្រើប្រាស់បានពេលអ្នកផ្ដល់មានតម្រូវការឈាម។ ក្រៅពីនោះឈាមដែលបានផ្ដល់នឹងត្រូវយកទៅធ្វើតេស្តរកមេរោគផ្សេងៗ ដែលមានគុណប្រយោជន៍សម្រាប់អ្នកផ្ដល់ផងដែរដើម្បីដឹងពីសុខភាពរបស់ខ្លួន។
បើតាមលោកអនុប្រធានមន្ទីរពេទ្យក្នុងមួយថ្ងៃមានឈាមជាង២០០កំប្លោកដែលត្រូវបានទទួលពីសប្បុរសជន ខណៈអ្នកដែលរង់ចាំក៏បានមករង់ចាំដើម្បីផ្ដល់ឈាមកាន់តែច្រើនដោយគ្មានការនឿយហត់ និងចិត្តមួយគឺដើម្បីជាតិមាតុភូមិ៕





អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


