ព័ត៌មានជាតិ
តាមមីក្រូហិរញ្ញវត្ថុ ឥណទានជាប្រាក់រៀលកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប
យោងតាមសេចក្តីប្រកាសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ត្រឹមដំណាច់ឆ្នាំ ២០២៣ ឥណទានជាប្រាក់រៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។

សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង ៤ បានកើនឡើងដល់ ១,៥២ ពាន់ពាន់លានរៀល។ ទិន្នន័យនេះបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។
លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។ កិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈគ្រឹះស្ថានសមាជិកបានឈ្មុសឈ្មុលឆ្ពោះទៅរកការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនាទីនិងភាពធន់របស់ប្រាក់រៀលក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
បើតាមប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុ ចំពោះការលើកកម្ពស់ភាពលេចធ្លោរបស់ប្រាក់រៀលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។
ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងភាគីពាក់ព័ន្ធបានធ្វើ
សហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់ប្រាក់រៀល។
ថ្លែងក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគងកាលពីសប្តាហ៍មុន លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួល។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។
បើតាមលោកស្រី ជា សិរី ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា ៣១%។
ធនាគារជាតិបានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធយ្យអរកូដ (QR code) បានងាយស្រួល។ បើតាមលោកស្រី ជា សិរី ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈយ្យអរកូដ (QR code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។
បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ធនាគារជាតិបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានឥណទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥណទានសរុប និងវិធានការមួយចំនួនផ្សេងទៀត៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


