ព័ត៌មានជាតិ
ជាង១៥ឆ្នាំកន្លងមកនេះ កុមារក្នុងខេត្តកំពតជាង១០ម៉ឺននាក់បានទទួលសេវាថែទាំសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ
នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោក គិន ភាព ប្រធានអង្គការពុទ្ធិកបណ្ណាល័យកម្ពុជាបានបញ្ជាក់ថា គិតមកដល់ពេលនេះ កុមារ សិស្សានុសិស្សខេត្តកំពត ទទួលបានសេវាថែទាំសុខភាពមាត់ធ្មេញពីគ្លីនិកធ្មេញកុមារស្រុកទឹកឈូ ជាង១០ម៉ឺននាក់ ដោយឥគិតថ្លៃ។ ហើយអង្គការនឹងបើកឲ្យដំណើរការគ្លីនិកធ្មេញចល័តបន្ថែមទៀត ដើម្បីអាចផ្តល់សេវាឲ្យកុមារ៨ទៅ៩ពាន់នាក់ក្នុងមួយឆ្នាំ ហើយមាតាបិតាសប្បាយចិត្តយ៉ាងខ្លាំងចំពោះការផ្តល់សេវាសុខភាពមួយនេះ។

លោក គិន ភាព ប្រធានអង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយមានការជ្រោមជ្រែង និងកិច្ចសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសុខាភិបាលផងនោះ អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានបើកគ្លីនិកធ្មេញសម្រាប់កុមារស្រុកទឹកឈូ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាក្បាលមាស ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នៅឆ្នាំ២០០៩។ គ្លីនិកបានផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញដល់កុមារដែលជាសិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ។ ក្នុងគ្លីនិកមានបណ្ណាល័យ១ សម្រាប់ឲ្យកុមារពេលមកទទួលសេវា គាត់អាចអានសៀវភៅអំឡុងពេលរង់ចាំ។ គ្លីនិកមានពេទ្យធ្មេញម្នាក់ ជំនួយការ៣នាក់ និងអ្នកបើកបរដឹកកុមារ១នាក់ ហើយជាង១៥ឆ្នាំកន្លងមកនេះ គ្លីនិកបានផ្តល់សេវាពិនិត្យ ថែទាំ ព្យាបាលសុខភាពមាត់ធ្មេញជូនដល់សិស្ស និងគ្រូក្នុងខេត្តកំពត ជាង១០ម៉ឺននាក់។
ចាប់ពីខែមិថុនានេះ អង្គការនឹងពង្រីកតំបន់សេវាគ្រប់ដណ្តប់ តាមរយៈការដាក់ឲ្យដំណើរការគ្លីនិកធ្មេញចល័ត ដើម្បីផ្តល់សេវាសុខភាពមាត់ធ្មេញដល់កុមារឲ្យបាន ៨ទៅ ៩ពាន់នាក់ក្នុង១ឆ្នាំ ។ លោកប្រធានអង្គការបានបញ្ជាក់ថា ការផ្តល់សេវាសុខភាពមាត់ធ្មេញ គ្មានការគិតប្រាក់អ្វីទាំងអស់ ហើយអង្គការមានរថយន្តដឹកជញ្ជូនកុមារទាំងពេលមកទទួលសេវា និងត្រឡប់ទៅវិញផងដែរ។

ប្រជាពលរដ្ឋនាំកូនមកព្យាបាលធ្មេញ បានបង្ហាញក្តីសប្បាយរីករាយដោយអង្គការមានគ្រូពេទ្យជំនាញច្បាស់លាស់ មានបន្ទប់ និងសម្ភារឧបករណ៍ទំនើប មានអនាម័យខ្ពស់ក្នុងការពិនិត្យ ថែរក្សា និងព្យាបាលបញ្ហាមាត់ធ្មេញដល់កុមារ មានប្រសិទ្ធភាព គុណភាពខ្ពស់។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា កុមារកម្ពុជាប្រមាណជាង៩០% មានបញ្ហាពុកធ្មេញ ហើយក្នុងម្នាក់ៗ មានបញ្ហាមាត់ធ្មេញយ៉ាងតិច៥ករណី។ កត្តាដែលនាំឲ្យកុមារមានបញ្ហាពុកធ្មេញច្រើនដោយសារ ការយល់ដឹងរបស់អាណាព្យាបាលអំពីការថែទាំធ្មេញកូននៅមានកម្រិត កុមារខ្លួនឯងមិនទាន់មានការយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងការញាំចំណីអាហារមានជាតិស្ករច្រើនជាដើម។

ក្រៅពិនិត្យព្យាបាលធ្មេញ អង្គការផ្តោតសំខាន់លើការងារអប់រំជាសំខាន់ផងដែរ ក្នុងនោះមុននឹងពិនិត្យព្យាបាល ក្រុមការងារតែងតែផ្តល់ការអប់រំដល់កុមារឲ្យបានយល់ដឹងអំពីការថែររក្សាសុខភាពមាត់ធ្មេញក្រុមការងារចូលរួមបង្រៀងសិស្សតាមសាលាឲ្យចេះដុសធ្មេញ ចុះណែនាំដល់សាលារៀនឲ្យកាន់បន្ថយការលក់ដូរចំណីអាហារមានរស់ជាតិផ្អែមច្រើនជាដើម៕
អត្ថបទ៖ សឹង រ៉ាត់



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


