ព័ត៌មានជាតិ
លោក ឃួង ស្រេង ស្នើអ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅផ្សារដើមគរចាស់ មកទទួលយកទីតាំងលក់ដូរថ្មី នៅមហាវិថីឈ្នះ-ឈ្នះ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យអាជីវករ ដែលកំពុងលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមសហការ និងមកទទួលយកទីតាំងលក់ដូរថ្មី នោះគឺមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អុីស្ទេត អុិនវេសម៉ិន ឯ.ក ដែលស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាជ្ញាធរបានខិតខំរៀបចំជូនក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សមស្របទៅតាមលទ្ធភាព និងទំហំអាជីវកម្មរបស់អាជីវករ ហើយបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អសោភណភាពទីក្រុងឱ្យកាន់តែស្រស់បំព្រងឡើង។ ការអំពាវនាវនេះបានធ្វើឡើង ខណៈលោក ឃួង ស្រេង និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតិភាព ក្នុងពិធី “បើកសម្ពោធ មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អុីស្ទេត អុិនវេសម៉ិន ឯ.ក” មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

លោក ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំង ចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន- អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន នាពេលនេះ គឺជាការអនុវត្តកិច្ចសន្យា សម្រាប់បំពេញតម្រូវការទាំង រដ្ឋបាលរាជធានីភ្នំពេញ និងភាគីក្រុមហ៊ុនវិនិយោគ ដែលនឹងទទួលបាន ការគាំទ្រពីសំណាក់វិស័យឯកជន និងអាជីវករ យ៉ាងពិតប្រាកដ។ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោង អភិវឌ្ឍន៍ ក្នុងភាពជាដៃគូរវាងវិស័យរដ្ឋ និងវិស័យឯកជន ដែលទទួល បានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះ កិច្ចសន្យាជួលទីតាំងបឹងតាមោកទំហំ ២០ ហិកតា ឱ្យទៅក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ដើម្បីអភិវឌ្ឍជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ ចំណតរថយន្តបង់ប្រាក់ និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ ជាន់ ហើយភាគីក្រុមហ៊ុន ក៏បានវិនិយោគបន្ថែមលើអចលនទ្រព្យ ក្នុងតំបន់នេះ ដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍កាន់តែមានវិសាលភាពធំ នឹងប្រកបដោយសក្តានុពល។

លោក ឃួង ស្រេង បានបញ្ជាក់ថា គោលបំណងសំខាន់នៃការអនុវត្តគម្រោងនេះ គឺដើម្បី ប្រែក្លាយតំបន់បឹងតាមោក ឱ្យទៅជាតំបន់វិនិយោគពហុបំណង ដែលនឹងរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម អនាម័យ-បរិស្ថាន និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមក្នុងតំបន់នេះ ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង ក្រោយការសាងសង់រួចរាល់ មួយផ្នែកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ទទួលយក អាជីវករ ដែលកំពុង តែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ជាពិសេសតំបន់ជុំវិញផ្សារដើមគរចាស់ ក្នុងខណ្ឌទួលគោក ព្រមទាំងតំបន់ស្មុគស្មាញមួយចំនួនទៀតអាចចូលមកលក់ដូរក្នុងទីតាំងសមរម្យ ប្រកបដោយផាសុកភាព និង សុវត្ថិភាព ដែលនេះ គឺជាការគិតគូរខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ លោក វ៉ាង វិនធាន បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោងមួយឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន។ មជ្ឈមណ្ឌលនេះនឹងក្លាយជាផ្សារបោះដុំទំនិញដ៏ធំជាងគេនៅកម្ពុជា ហើយផ្សារនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍនិង ជំរុញឱ្យកើនឡើងនូវពាណិជ្ជកម្មនៃប្រទេសទាំង២កម្ពុជា-ចិន៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


