ព័ត៌មានជាតិ
មិនខុសពីឳពុកឡើយ សម្ដេចធិបតីអះអាងថា ដាច់ខាតត្រូវតែជីកព្រែកហ្វូណនតេជោ ដើម្បីខ្មែរ
មិនខុសពីសម្ដេចតេជោ ហ៊ុន សែន ឡើយ នាព្រឹកថ្ងៃអាទិត្យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកអះអាងថា ព្រែកជីកហ្វូណនតេជោ គឺដាច់ខាតត្រូវតែជីក ដើម្បីប្រយោជន៍សេដ្ឋកិច្ចសង្គមកម្ពុជាទាំងមូល។សម្ដេចបានអះអាងដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង សមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិនៅជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

កាលពីថ្ងៃទី២៦ ខែមេសា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកអះអាងក្នុងឋានៈជាប្រធានគណបក្សកាន់អំណាចថា ដាច់ខាតកម្ពុជាត្រូវតែជីកព្រែកហ្វូណនតេជោ ទាល់តែបាន ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាអាចដកដោយខ្លួនឯងបាន មិនចាំពឹងអ្នកដទៃ ជាពិសេសគឺពឹងវៀតណាម។ ក្នុងពេលជាមួយគ្នានោះ សម្ដេចតេជោ ក៏បានប្រកាសអំពាវឱ្យពលរដ្ឋកម្ពុជា យល់ពីគម្រោងព្រែកជីកកំណប់ទ្រព្យជាតិមួយនេះ និងត្រូវចូលរួមជាចលនាជាតិដ៏សំខាន់គាំទ្រគម្រោងព្រែកជីកប្រវត្តិសាស្ត្រមួយនេះ។
បន្ទាប់ពីការអំពាវនាវរបស់សម្ដេចតេជោ ទាំងស្ថាប័នកំពូលរបស់ជាតិ សមាជិករដ្ឋាភិបាល ក្រុមដែលធ្លាប់តែមាននិន្នាការប្រឆាំងគម្រោងរបស់រាជរដ្ឋាភិបាល អ្នកជំនួញ និស្សិត យុវជន និងពលរដ្ឋខ្មែរ នៅទូទាំងនគរបានចេញមកគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ប្រៀបបាននឹងគ្រាប់ទឹកភ្លៀងធ្លាក់រាប់សិបគ្រាប់ក្នុងពេលតែមួយ។
នេះមិនមែនជាលើកទីមួយ ឬទើបតែជាលើកទីពីរឡើយ ពោលគឺរាប់ភ្លេចទៅហើយដែលសម្ដេចតេជោ ហ៊ុន សែន រួមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែចេញមុខការពារគម្រោងព្រែកជីកហ្វូណនតេជោនេះ។

គួរជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលព្រែកជីកនេះមានប្រវែងសរុបប្រមាណជាង១៨០គីឡូម៉ែត្រ។ គម្រោងព្រែកជីក តម្លៃជាង១ ៧០០ លានដុល្លារនេះ គឺជីកចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
នៅពេលគម្រោងនេះ រួចរាល់ជាស្ថាពរ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅកម្ពុជាឆ្ពោះទៅកាន់សមុទ្រ នឹងកាន់តែមានភាពមមាញឹក ដែលជាសញ្ញាណវិជ្ជមានមួយអំណោយផលដល់វិនិយោគិនបរទេសដែលមករកស៊ីនៅកម្ពុជា ព្រោះគម្រោងនេះ នឹងជួយកាត់បន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្ដល់ប្រយោជន៍ដ៏មហាសាលដល់ពលរដ្ឋជាង ១លាន ៦សែននាក់ ដែលរស់នៅជាប់តាមដងព្រែកជីកហ្វូណនតេជោ តាមរយៈការធ្វើកសិកម្ម។ គម្រោងនេះ ក៏នឹងនាំឱ្យកម្ពុជាបង្កើតបានតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹម សត្វ ជាដើម។ ជាពិសេសគម្រោងនេះ នឹងនាំឱ្យកម្ពុជាមានភាពឯករាជ្យក្នុងវិស័យសេដ្ឋកិច្ច ការលក់ទំនិញចេញទៅក្រៅប្រទេស ហើយកម្ពុជាក៏មិនត្រូវខ្ចីដង្ហើមវៀតណាមដកតទៅទៀត៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


