Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផល នៅវត្តសិរីសោភា ហៅអង្គតាមិញ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​សិរីសោភា ហៅ​វត្ត​អង្គ​តាមិញ (នៅ​ទល់មុខ​ជាមួយ​ទីស្តីការ​ក្រសួង​មុខងារ​សាធារណៈ​) ដែល​ស្ថិត​ក្នុង​ភូមិ​ចំបក់ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទី ១ រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យ​នេះ​មាន​ការ​យាង​និមន្ត និង​អញ្ជើញ​ចូលរួម​ពី សម្តេច​ព្រះ​ពុទ្ធិ​ជ័យ​មុនី​បណ្ឌិត ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ ព្រះ​ថេ​រា​នុ​ថេរៈ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​មុខងារ​សាធារណៈ និង​មន្ត្រីរាជការ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុម​យុវជន​កាកបាទក្រហម ស​.​ស​.​យ​.​ក កាយរឹទ្ធិ យាយជី តាជី និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប។

ថ្លែង​ទៅ​កាន់​អង្គ​ពិធី​នា​ឱកាស​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ព្រះ​គុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះ​គ្រូ​វិ​និ​យា​នុ​រ័​ក្ខ​ធម្ម យ៉ាន់ ថាត ចៅអធិការ​អង្គ​តា​មិញ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​គណៈកម្មការ​អាចារ្យ​វត្ត​ទាំងអស់ សប្បុរសជន និង​ពុទ្ធបរិស័ទ គ្រប់ទិសទី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សមិទ្ធផល​ទាំងនេះ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង សម្រាប់​បម្រើ​ឱ្យ​វិស័យ​ព្រះពុទ្ធសាសនា និង​ទុកជា​សក្ការៈ​សម្រាប់​ពុទ្ធបរិស័ទ​គោរព​បូជា។

នា​ឱកាស​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​សមិទ្ធផល​នៅ​ថ្ងៃនេះ មិន​អាច​កើតឡើង​ដោយ​ឯកឯង​បានទេ បើ​មិន​មាន​ការ​ចូលរួម​ចំណែក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ដែល​បាន​នាំមក​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជូន​ប្រទេសជាតិ​។

ឯកឧត្ដម បាន​រំលេច​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នេះ​ហើយ ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​យើង​បាន​ជួបជុំគ្នា និង​មាន​ឱកាស​ធ្វើបុណ្យ​រួមគ្នា ដូចជា​ការ​ប្រមូល​បច្ច័យ​ពី​គ្រប់ទិសទី​សម្រាប់ កសាង​សមិទ្ធផល​នានា​ឱ្យ​ចេញ​ជា​រូបរាង​នៅ​ថ្ងៃនេះ។

មាន​ប្រសាសន៍​បន្ត​នា​ឱកាស​នោះ ឯកឧត្ដម បាន​គូស​បញ្ជាក់​ថា “​សមិទ្ធផល​ជាច្រើន​ដែល​យើង​កំពុង​មាន​នេះ គឺ​កើតឡើង​ពី​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត បាន​ជម្នះ​នូវ​បញ្ហា​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ដើម្បី​ទទួល​បាន​ជ័យជម្នះ និង​សន្តិភាព​ពេញលេញ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ស្តារ និង​កសាង​រហូត​ឈាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ដូច​បច្ចុប្បន្ន”។

ឯកឧត្ដម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​គាំទ្រ​ការ​អនុវត្ត​គម្រោង​ព្រែកជីក ហ្វូណន តេ​ជោ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​ជឿជាក់​លើ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការ​បន្ត បេសកកម្ម​ពី សម្តេច​តេ​ជោ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ និង​ភាព​សម្បូរ​សប្បាយ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប។

សូម​ជម្រាប​ជូន​ថា វត្ត​អង្គ​តាមិញ បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៨៩៨ មាន​ផ្ទៃក្រឡា ៣,០២ ហិតា ស្ថិត​ក្នុង​ភូមិ​ចំបក់ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទី ១ រាជធានី​ភ្នំពេញ។ សមិទ្ធផល​ទាំងឡាយ​ដែល​ធ្វើការ​សម្ពោធ​នា​ពេលនេះ រួមមាន ប្រាសាទ​មួយ ពង្រីក​សាលា​ធម្មសភា ព្រះ​ពុទ្ធរូប​មួយ​អង្គ​ធំ និង​ផ្ទាំង​គំនូរ ៨២ ផ្ទាំង ក្នុង​សាលា​ធម្មសភា ដែល​គិត​ជា​ទឹកប្រាក់​សាងសង់​សរុប​ប្រមាណ ២៩៣,៥០០ ដុល្លារ​អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោកបណ្ឌិត យង់ ពៅ លើកទឹកចិត្តដល់អ្នកជំនាញបុរាណវិទ្យា ប្រឹងប្រែងបន្តទៀតលើកិច្ចការបុរាណវិទ្យា ដើម្បីប្រជាជាតិកម្ពុជា

សេដ្ឋកិច្ច១៤ នាទី មុន

នាយករដ្ឋ​មន្រ្តី​ថៃ​ ចង់​ផ្ដាច់​ភាព​ស្រប​ច្បាប់​នៃ​កញ្ឆា ២ ឆ្នាំ​ក្រោយ​ដាក់​វា​ឱ្យ​ស្រប​ច្បាប់​

ព័ត៌មានជាតិ៥០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផល នៅវត្តសិរីសោភា ហៅអង្គតាមិញ

វប្បធម៌ ជំនឿ១ ម៉ោង មុន

ខណៈសិស្សមួយចំនួនធ្វើមិនស្គាល់គ្រូ ហេតុអ្វីសិស្សរៀនសិល្បៈគោរពគ្រូខ្លាំងម៉្លេះ?

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត ត្រូវចាត់ទុករោងចក្រជាកន្លែងប្រភពចំណូលផ្គត់ផ្គង់គ្រួសារ​ឱ្យមានភាពល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម