ព័ត៌មានជាតិ
លោក ជុំ កុសល៖ ដំណឹងក្លែងក្លាយ ធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើសារព័ត៌មាន
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល លើកឡើងថា ដំណឹងក្លែងក្លាយ បានធ្វើឱ្យមានទំនាស់ និងបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសារព័ត៌មាន។

លោកលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានមេគង្គលើកទី៣ ក្រោមប្រធានបទ “តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិមិ្មត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់” ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។
លោក ជុំ កុសល បានថ្លែងថា ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយបានបង្កផលប៉ះពាល់អវិជ្ជមានលើវិស័យសេដ្ឋកិច្ច សង្គម នយោយបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ លោក ថា ដំណឹងក្លែងក្លាយ បានបង្កឱ្យមានការបែកបាក់សាមគ្គីភាពជាតិ ប៉ះពាល់សន្តិសុខជាតិ និងទំនាក់ទំនងការបរទេស ដែលធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែងចែកវណ្ណៈ និងអំពើហឹង្សាក្នុងចំណោមប្រជាជន។ លើសពីនេះ ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនចំពោះសារព័ត៌មានដែលធ្វើឱ្យវិស័យសារព័ត៌មានបាត់បង់កិត្យានុភាពផងដែរ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងនូវតួនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាន ក្នុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយលោក បញ្ជាក់ថា វាមានភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកនូវយន្តការនៃការការប្រាស្រ័យទំនាក់ទំនង ការពិគ្រោះយោបល់ ការជំរុញឱ្យមានកិច្ចសន្ទនា និងការផ្លាស់ប្តូរព័ត៌មានឲ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព រវាងអ្នកសារព័ត៌មាន និងប្រភពព័ត៌មាន ដើម្បីធ្វើយ៉ាងណាអាចអ្នកសារព័ត៌មានទទួលបានព័ត៌មានពិតជាក់លាក់ក្នុងការផ្សព្វ ផ្សាយដល់សាធារជន។
ទន្ទឹមនេះ លោក ក៏បានណែនាំឱ្យអ្នកសារព័ត៌មានត្រូវតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការផ្សព្វផ្សាយរបស់ខ្លួនទទួលបានការជឿទុកចិត្តពីសាធារៈជន និងជៀសវាងការផ្សាយព័ត៌មានមិនពិត ការក្លែងបន្លំព័ត៌មាន និយាយបំផ្លើស ញុះញង់ ជេរប្រមាថ ដែលនាំឱ្យមានការស្អប់ខ្ពើម គុំគួន រើសអើង បង្កជម្លោះ និងបង្កអរិភាពផ្សេងៗក្នុងសង្គម។ លោក រម្លឹកថា អ្នកសារព័ត៌មាន ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងត្រូវគោរពអោយបានតាមពាក្យស្លោក “កុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត”។

ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព លោក ជុំ កុសល ក៏បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានដាក់ចេញយន្តការចំនួន៥ គឹទី១) ការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកសារព័ត៌មានអំពីអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល។ ទី២) រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋ។ ទី៣) ពង្រឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងគុណភាពនៃការផ្សាយមាតិកា និងវិសាលភាពគ្របដណ្តប់។ ទី៤) ពង្រឹងសមត្ថភាពអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន និងទី៥) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធជាពិសេសក្រុមហ៊ុនបណ្តាញសង្គម។
ចំពោះព័ត៌មានក្លែងក្លាយនេះ លោក ជុំ កុសល ក៏បានបញ្ជាក់ថា នៅឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយចំនួន៣០០០ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០ ដែលក្រសួងបានកត់ត្រាចំនួន ១៣០០ករណីប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


