ព័ត៌មានជាតិ
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ADB បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរដ្ឋាភិបាល
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ADB បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរដ្ឋាភិបាល។ ការបន្តឯកភាពពង្រឹងនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក (Masatsugu Asakawaប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាងសម្ដេចធិបតី ជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។

ជាមួយគ្នានេះ លោកប្រធានធនាគារ ADB ក៏បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ លោកប្រធានធនាគារ ADB ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។

សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកប្រធានធនាគារ ADB ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសារទរចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ធនាគារ ADB ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ។

សម្តេចធិបតី បានគូសរំលេចពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ៕


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?