ព័ត៌មានជាតិ
គណៈកម្មការទី៨រដ្ឋសភា ជំរុញរដ្ឋបាលខេត្តព្រះសីហនុ បន្តលើកកម្ពស់វិស័យចំនួន ៤
គណៈកម្មការទី៨នៃរដ្ឋសភា ជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យចំនួន៤ ឱ្យបានល្អប្រសើររួមមាន វិស័យសុខាភិបាល សង្គមកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី ដើម្បីឆ្លើយតបទៅនឹងការរស់នៅប្រចាំថ្ងៃ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
ការជំរុញនេះ ធ្វើឡើងស្របពេលលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូ ដើម្បីចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុករួមមាន ផ្នែកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ, លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។

លោកស្រី ឡោក ខេង បានឱ្យដឹងថា ការចុះពិនិត្យនេះ ក្នុងគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងស្របតាមអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសនោះដែរ លោក វង្ស ផាណាត បានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ ដែលខេត្តសម្រេចបាននាពេលកន្លងមក ពិសេសទាក់ទងនឹងវិស័យក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៨ ។
ក្នុងនោះរួមមាន ខេត្តមានមន្ទីរពេទ្យបង្អែក ចំនួន០១ មណ្ឌលសុខភាពចំនួន១៨ បុស្តិ៍សុខភាព ចំនួន០៥ កន្លែង និងមានមន្ត្រី ចំនួន៤៤៣នាក់ និងមានសេវាសុខាភិបាលឯកជន ចំនួន២៥៧កន្លែង ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ បានចំនួន១,២០០នាក់។
ចំពោះវិស័យសង្គមកិច្ចវិញ រដ្ឋបាលខេត្ត បានចុះឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩ និងស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ បានបង្កើតសមាគមមនុស្សវ័យចាស់គ្រប់ឃុំ-សង្កាត់ទាំង២៩ ផ្តល់ការប្រឹក្សាយោបល់ផ្លូវចិត្ត ច្បាប់ ករណីអំពើហិង្សាក្នុងគ្រួសារ និងរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ពិនិត្យ និងព្យាបាលភ្នែកតាមសហគមន៍ស្តីពីសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌។

ទោះជាយ៉ាងណា លោកថា៖«ខេត្តនៅតែជួបនឹងបញ្ហាប្រឈម កង្វះមន្ត្រីជំនាញ និងបច្ចេកទេស មូលនិធិសម្រាប់ការងារផ្សព្វផ្សាយ និងឧបករណ៍វេជ្ជសាស្រ្ត»។
ក្នុងឱកាសនោះ គណៈប្រតិភូ បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងស្នើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ ពង្រឹងការអប់រំផ្សព្វផ្សាយពីជំងឺមិនឆ្លង សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


