ព័ត៌មានជាតិ
តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ
តំណាងអយ្យការ បានសម្រេចចោទប្រកាន់បុគ្គល ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស២នាក់ស្លាប់ និងមានអ្នករងរបួសនៅបុរីប៉េងហូត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់ឱ្យមានសេរីភាពវិញ។

នេះបើតាមការប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពខាងលើបានឱ្យដឹងថា ផ្អែកតាមមូលដ្ឋាន និងភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ បុគ្គល ស្រី ស៊ីណា លើករណីនេះជា ០២សំណុំរឿង៖ សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ចំណែក សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ ចំពោះឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ ។

សូមជម្រាបថា បើតាមប្រភពបានឱ្យដឹងថា ផ្ទះនៅជិតផ្ទះកើតហេតុក្នុងបុរីប៉េងហួត ដែលមានជម្លោះជាមួយជនរងគ្រោះ ក្នុងអំឡុង ឆ្នាំ២០១៧ ឈ្មោះ ស្រី ស៊ីណា បានជួលផ្ទះលេខ២៤ ផ្លូវP-10F នៃបុរីប៉េងហួតបឹងស្នោរឱ្យទៅឈ្មោះ សេង ចាន់សុផាត និងឈ្មោះ សាន ស្រីពេជ្រ។ បន្ទាប់មក ប៉ុន្មានថ្ងៃមុនកើតហេតុ ក៏មានជម្លោះរវាងផ្ទះជនរងគ្រោះ និងស្ត្រីឈ្មោះ សាន ស្រីពេជ្រ។ រហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះខាងលើដើម្បីដោះស្រាយ តាមការតេហៅរបស់ សាន ស្រីពេជ្រ ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានឱ្យប្អូនប្រុស របស់ខ្លួនឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង បើកឡានទៅយកឈ្មោះ ស្រី ស៊ីណា ពីកន្លែងចតឡាន ។ ពេលដែល ឈ្មោះ សាន សុខចំរើន បាននាំឈ្មោះ ស្រី ស៊ីណា ទៅដល់ផ្ទះកើតហេតុរួចហើយ ឈ្មោះ សាន សុខចំរើន ក៏បាន បើកឡានចេញពីផ្ទះកើតហេតុដើម្បីទៅយកកូនរបស់ឈ្មោះ សាន ស្រីពេជ្រ ដែលរៀនសាលាម្តុំវត្តនិរោធភ្លាមដែរ ។ ដោយឡែកឈ្មោះ ស្រី ស៊ីណា តែម្នាក់ឯងក៏បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះ ពីថ្ងៃមុន ។ ការជជែកគ្នាក៏បានឈានទៅដល់ជម្លោះពាក្យសម្តី ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ទៅលើឈ្មោះ ឡុង លីសុង សុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កើតហេតុ ឃើញសភាពដូច្នេះនោះឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយតែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ ចំនួន ០៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី ដែលក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែកឯមនុស្សប្រុស ០២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានឈ្មោះ សំដៅជាច្រើនគ្រាប់ទៀតបណ្តាលឱ្យរងរបួសដៃ និងជើង ។ ឈ្មោះ ស្រី ស៊ីណា បានចាកចេញឆ្ងាយពីកន្លែងកើតហេតុហើយបានសុំអ្នកជិះម៉ូតូដែលធ្វើដំណើរតាមដងផ្លូវ ឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡានរួចបានបើកឡានគេចខ្លួន ។ បន្ទាប់ពីទទួលបានការ រាយការណ៍ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យទាំង ០៣រូបខាងលើ រួចបញ្ជូនមកកាន់អយ្យការអមសាលា ដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីស៊ើបអង្កេតតាមភស្តុតាង និងសំណុំរឿង តំណាងអយ្យការ ក៏សម្រេចចោទប្រកាន់ ស្រី ស៊ីណា លើសំណុំរឿង២ខាងលើ ហើយបុគ្គល២រូបទៀតដែលសមត្ថកិច្ចចាប់ខ្លួនជាមួយបុគ្គល ស្រី ស៊ីណា ត្រូវបានដោះលែងវិញ៕
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


