ព័ត៌មានជាតិ
សិស្សសាលាក្នុងខេត្តចំនួន១០នៅកម្ពុជា ទទួលបានរបបអាហារពេលព្រឹកប្រចាំថ្ងៃ
កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៤នេះ បានទៅដល់គោលដៅចំនួន៥៥៣សាលារៀន ដោយមានសិស្សសាលាកម្រិតបឋមសិក្សា ជាអ្នកទទួលផលចំនួន ១៥៣ ៥៨៦នាក់។ នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឱកាសទស្សនកិច្ចទៅកាន់សាលារៀនដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិត បានថ្លែងថា ក្នុងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦នាក់ និងចុងភៅ ១ ៥១៨នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ដោយបានចំណាយថវិកាស្មើនឹង ៥លាន ៥៦ម៉ឺនដុល្លារអាមេរិក។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម៦៤សាលា មានអ្នកទទួលផល ៣៧៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីនេះដំបូងឡើយ ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវត្តជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។
នៅឆ្នាំសិក្សា ២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នដឹកនាំអនុវត្ត។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាល្វា ក៏បានទទួលផ្ទះបាយដោយទទួលបានការគាំទ្រ និងការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពី លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងទំហំ ៤.៥ម x ៧ម ដោយចំណាយថវិកាក្នុងការសាងសង់ផ្ទះបាយអស់ចំនួន២០លានរៀល ខណៈបច្ចុប្បន្ន សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ ស្រី១៨៥នាក់, គ្រូបង្រៀនសរុប ១១នាក់ ស្រី ៨នាក់ មានអាគារ ២ ខ្នង ស្មើ ៨បន្ទប់ ដោយសិស្សទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប។

ជាចក្ខុវិស័យ សិស្សានុសិស្សទាំងអស់ក្នុងសហគមន៍ ទទួលបានការអប់រំតាមបែបវិជ្ជមាន ដ៏មានគុណភាពខ្ពស់ក្នុងសាលាជាទីមេត្រី ដើម្បីឱ្យពួកគេអភិវឌ្ឍទាំងកាយសម្បទា, វិជ្ជាសម្បទា, បំណិនសម្បទា និងចរិយាសម្បទា អាចបន្តការសិក្សាយ៉ាងល្អប្រសើរ នៅកម្រិតសិក្សាខ្ពស់ៗ និងមានជីវិតរស់នៅដោយរីករាយ និងសុខដុមរមនាផងដែរ៕
ដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


