Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តាំនិស្សិតខ្មែរ ទៅរៀននៅជប៉ុន ប្រឹងប្រែងសិក្សា ដើម្បីយកចំណេះដឹង មកអភិវឌ្ឍន៍ប្រទេសវិញ

បានផុស

នៅ

លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់ក្រុមនិស្សិតជ័យលាភីអាហាររូបករណ៍ JDS-2023  ដែលចេញទៅបន្តការសិក្សានៅជប៉ុន ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍន៍មាតុប្រទេសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន JDS ឆ្នាំ២០២៣ ចំនួន ២៥រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនទាំងអស់ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សានៅបរទេស ពិសេសនៅប្រទេសជប៉ុន ដូចជាការត្រៀមខ្លួនសម្រាប់ការរស់នៅ និងរៀនសូត្រ របៀបនៃការទំនាក់ទំនង និងការថែទាំសុខភាពក្នុងអាកាសធាតុត្រជាក់ជាដើម។

តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតអាហារូបករណ៍ទាំងអស់ ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ផ្ដោតលើការសិក្សា តស៊ូអត់ធ្មត់ រៀនសូត្រឱ្យបានពូកែ មានភាពក្លាហានហ៊ានសួរសំណួរពេលមិនយល់ ឬមិនច្បាស់ចំណុចណាមួយ ត្រូវមានរបៀបរៀនសូត្រឱ្យច្បាស់លាស់ប្រកបដោយភាពឆ្លាតវៃ ចេះសង្ខេបមេរៀន អានសៀវភៅឱ្យច្រើន គូសចំណាំពាក្យគន្លឹះ ពង្រឹងសមត្ថភាពក្នុងការសរសេរឱ្យខ្លាំង តាមដានព័ត៌មានជុំវិញខ្លួនជាប្រចាំ ត្រូវស្តាប់ និងកត់ត្រាបាឋកថារបស់សាស្ត្រាចារ្យឱ្យច្បាស់។ ពិសេសអ្វីដែលថ្មីមិនមានកត់ត្រាក្នុងសៀវភៅ ត្រូវស្វែងយល់ពីវប្បធម៌ និងរបៀបរស់នៅរបស់ជនជាតិជប៉ុន ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់ប្រទេសជប៉ុនផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីប្រវត្តិនៃភាសា និងវប្បធម៌ជប៉ុន ពិសេសគឺបដិវត្តន៍ Meiji ដែលជប៉ុនបានបើកប្រទេសឱ្យបញ្ញវន្តទៅរៀនសូត្រពីបរទេស ដើម្បីយកចំណេះដឹងត្រលប់មកអភិវឌ្ឍន៍មាតុប្រទេសវិញ និងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី ក៏បាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគល់ជូននិស្សិតជ័យលាភីគ្រប់ៗគ្នា និងបានជូនពរនិស្សិតទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ត្រូវប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង កសាងសមត្ថភាព ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាអ្នកជំនាញច្បាស់លាស់ក្នុងអាជីព ហើយយកចំណេះជំនាញត្រលប់មកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម