Connect with us

ព័ត៌មានជាតិ

មួយ​សប្តាហ៍​ចុងក្រោយ មានទេសចរបរទេសប្រមាណ ៥៤ ៣០០ នាក់ បានមកទស្សនាប្រទេស​កម្ពុជា

បានផុស

នៅ

របាយការណ៍ពីក្រសួង​ទេសចរណ៍​បង្ហាញថា​ ក្នុងរយៈពេល ១ សប្ដាហ៍ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០២៤ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ ២៦១ ៧០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៤ ៣០០ នាក់

ក្នុងរយៈពេលដូចគ្នា ទេសចរ​បរទេស​ដែលទិញបណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ សរុប​មាន​ចំនួន ១៥ ៣១១ បណ្ណ កើនឡើង ១៨,១% និងទទួលបានចំណូលសរុប ៦៨៧ ៦៧២ ដុល្លារ កើនឡើង ១៧,៧%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​ក៏​បង្ហាញទិន្នន័យ​​ចំនួន​ជើងហោះហើរអន្តរជាតិ ចូលមកកាន់ប្រទេសកម្ពុជាសរុប​មាន​ចំនួន ៤៧៣ ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន​ចំនួន ៣៤៩ ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចំនួន ១០៩ ជើង និង​អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុទទួលបាន​ចំនួន ១៥ ជើង​។

រាជរដ្ឋាភិបាលនីតិកាលទី ៧ បាន​បន្ត​​ចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-​សេដ្ឋកិច្ចជាតិ។

ថ្លែង​នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​ថា ទេសចរណ៍ជាវិស័យអាទិភាពដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយ​ប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុស​ត្រូវខ្ពស់។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។

បើតាមប្រមុខ​ដឹកនាំ​កម្ពុជា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងរួមចំណែកការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម