ព័ត៌មានជាតិ
រដ្ឋមន្រ្តី៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននឹងជួយតម្រង់ទិស និងលើកតម្លៃសារព័ត៌មាននៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា បានអះអាងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលបានដាក់ឱ្យប្រើប្រាស់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់តម្រង់ទិសអ្នកសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យបានល្អប្រសើរនាសម័យបច្ចេកវិទ្យារីកចម្រើន។ លោករដ្ឋមន្រ្តី បានលើកឡើងដូច្នេះ នៅពិធីប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពីគ្រប់តួអង្គ ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍អស់រយៈពេលជាច្រើនខែ។

លោក នេត្រ ភក្រ្តា បានថ្លែងថា អ្វីដែលក្រសួងបានរៀបចំសម្របសម្រួលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មានដែលគោរពតាមក្រមសីលធម៌។ លោកបង្ហាញការជឿជាក់ថា តាមរយៈការដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាពេលនេះ នឹងរួមចំណែកដល់ការលើកតម្លៃនូវសារព័ត៌មានឡើងវិញ បង្កើនជំនឿទុកចិត្តដល់សាធារជន ក្នុងក្របខណ្ឌបរិបទដែលបច្ចេកវិទ្យាកាន់តែទំនើប ។ លោកបញ្ជាក់ថា៖«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាឯកសារគតិយុត្តមួយដែលការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន ការពារវិជ្ជាជីវៈសារព័ត៌មាន ដែលកសាងនូវជំនឿទុកចិត្តរបស់អ្នកសារព័ត៌មាននៅក្នុងចំណោមសាធារណជន ហើយក៏ផ្តល់នូវតម្លៃទៅឱ្យអ្នកសារព័ត៌មាន»។
ក្នុងនាមជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ក៏បានសម្តែងនូវការសោកស្តាយ នៅពេលដែលក្នុងចំណោមសាធារណមតិ លោកបានឭគេនិយាយមិនល្អពីអ្នកសារព័ត៌មានដែលមិនគោរពក្រមសីលធម៌ ប៉ុន្តែបញ្ហានេះធ្វើឱ្យធ្លាក់តម្លៃរួមរបស់អ្នកសារព័ត៌មានគោរពវិជ្ជាជីវៈ។

ការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ស្របពេលអ្នកសារព័ត៌មានមួយចំនួនមិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកវិទ្យារីកចម្រើន និងក្រុម MMO បានសរសេរព័ត៌មានខ្លះបង្កឱ្យមានការភ័ន្តច្រលំ ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសារព័ត៌មានទាំងមូល។
បច្ចុប្បន្ន ទិន្នន័យរួមនៃសារព័ត៌មានទាំងបុរណ និងទំនើប ដែលត្រូវបានចេញអាជ្ញាប័ណ្ណពីសំណាក់ក្រសួងព័ត៌មាន មានជាង ២ពាន់ស្ថាប័ន ក្នុងនោះ អង្គភាពគេហទំព័រ និង TV អនឡាញ ដែលជាប្រភេទសារព័ត៌មានទំនើប មានប្រមាណ ១ពាន់អង្គភាពដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
ទោះបីចំនួនអង្គភាពមានការកើន ប៉ុន្តែលោករដ្ឋមន្រ្តី កត់សម្គាល់ថាគុណភាពនៃការផលិតព័ត៌មានធ្លាក់ចុះ ទើបក្រសួងព័ត៌មានប្រកាសដាក់ឱ្យអនុវត្តនូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មានឡើងវិញ។
ធម្មនុញ្ញវិជាជីវៈសារព័ត៌មាន មិនមានចែកទោសបញ្ញត្តិនោះទេ គឺជាការគោលការណ៍ណែនាំរួមទៅលើក្រមសីលធម៌។ ប៉ុន្តែក៏បានចែងថា អ្នកសារព័ត៌មានមិនអាចគេចផុតផ្នែកណាមួយដែលពាក់ព័ន្ធជាមួយនឹងការអនុវត្តច្បាប់ ហើយធម្មនុញ្ញនេះក៏មិនអាចការពារអ្នកសារព័ត៌មានពីក្រមព្រហ្មទណ្ឌដែរ ក្នុងករណីប្រព្រឹត្តបទល្មើស។

គួរជម្រាបថា ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ និងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


