ព័ត៌មានជាតិ
តម្លៃសំបុត្រម្នាក់ ៣០ ដុល្លារ ជិះកាណូតតាមផ្លូវទឹកពីបាត់ដំបង ទៅសៀមរាប ចំណាយពេល ៧ ម៉ោង
ប្រជាពលរដ្ឋ សាទរចំពោះការដាក់ឲ្យដំណើរការឡើងវិញការធ្វើដំណើរតាមផ្លូវទឹកពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តសៀមរាប ក្រោយពីផ្អាកអស់រយៈពេលជាយូរឆ្នាំ។

ពលរដ្ឋបានលើកឡើងថា ការផ្អាកធ្វើដំណើរតាមផ្លូវទឹក រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប អស់រយៈពេលជាយូរឆ្នាំមកនេះ នៅមិនទាន់មានមន្ត្រីណាបញ្ជាក់អំពីមូលហេតុជាក់លាក់នៅឡើយទេ ខណៈការផ្អាកការធ្វើដំណើរតាមផ្លូវទឹកតាមដងស្ទឹងសង្កែឆ្លងកាត់ដែនបឹងទន្លេសាបឆ្ពោះទៅខេត្តសៀមរាបនេះ ធ្វើឲ្យខាតបង់ប្រាក់ចំណូលមួយផ្នែកពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កញ្ញា ស្រី ដា ពលរដ្ឋរស់នៅក្រុងបាត់ដំបងបានឲ្យដឹងថា «បើកឡើងវិញ ខ្ញុំសប្បាយចិត្ត ខ្ញុំនឹងធ្វើដំណើរទៅលេងសៀមរាបនៅចុងសប្តាហ៍នេះ។ ម៉ាក់និងប្អូនប្រុសខ្ញុំទៅទាំងអស់គ្នា ខ្ញុំខានជិះកាណូតយូរហើយ តាំងពីគេបិទដែលកាលនោះមានផែនៅមុខមន្ទីរពេទ្យបង្អែកខេត្ត គឺជិតផ្ទះខ្ញុំដែរ តែពេលនេះខ្ញុំអត់ទាន់ដឹងគេដាក់ផែនៅទីណានោះទេ»។
ពលរដ្ឋបានបង្ហាញក្តីរីករាយដែលបានទទួលព័ត៌មានថា ភ្ញៀវជាតិ និងអន្តរជាតិ អាចធ្វើដំណើរតាមផ្លូវទឹក ដោយជិះកាណូត ពីក្រុងបាត់ដំបង ទៅក្រុងសៀមរាបឡើងវិញបានចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ តទៅ។
ការធ្វើដំណើរតាមផ្លូវទឹក បើទោះបីមានតម្លៃថ្លៃជាងផ្លូវគោកច្រើនបន្តិច តែក៏បានធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតាមបែបទេសចរកម្សាន្ត មើលសត្វស្លាបនៅលើផ្ទៃទឹកនៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ រួមនិងត្រជាក់កាយសប្បាយចិត្តផងដែរ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា ផែកាណូតសម្រាប់ទទួលដឹកភ្ញៀវ គឺស្ថិតនៅមុខវត្តក្តាំងងា ដែលមានទីតាំងក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ចម្ងាយ ១០ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ហើយសេវាដឹកភ្ញៀវពីក្រុងបាត់ដំបងទៅកាន់ទីតាំងផែគឺមិនគិតកម្រៃនោះទេ។


ចំណែកតម្លៃសំបុត្រវិញ លោកបញ្ជាក់ថា «ទាំងភ្ញៀវក្នុង និងក្រៅស្រុក គឺ ៣០ ដុល្លារ ក្នុងម្នាក់ៗ ខណៈការធ្វើដំណើរបានតែក្នុងរដូវវស្សាប៉ុណ្ណោះ»។
បើតាមលោក តុន ណៃ អ្នកគ្រប់គ្រងផ្នែកអេកូទេសចរណ៍នៅតំបន់ព្រែកទាល់ នៃបឹងទន្លេសាប ក្នុងខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី ៨ ខែសីហា នេះថា នៅក្នុងខែនេះការធ្វើដំណើររបស់ភ្ញៀវទេសចរគឺយឺតបន្តិច ត្រូវប្រើរយៈពេលច្រើនម៉ោង ចន្លោះពី ៧ ទៅ ៨ ម៉ោង ទើបអាចដល់ខេត្តសៀមរាម ដោយសាររាំងស្ទះពីកំប្លោក។
លោកថា ការរាំងស្ទះពីកំប្លោកគឺចាប់ពីភូមិទ្រាយ ឬ វត្តឈើខ្មៅ រហូតមកដល់ភូមិព្រែកទល់ ដោយមានកន្លែងខ្លះក្រាស់ កន្លែងខ្លះស្តើង តែអាចត្រួសត្រាយធ្វើដំណើរបាន គ្រាន់តែចំណាយពេលបន្តិច។ តែលោកថា អ្នកធ្វើដំណើរហាក់មិនធុញថប់ក្នុងការយឺតយ៉ាវនេះទេ ដោយសារពួកគេអាចចង់ទស្សនាទេសភាពឲ្យបានយូរផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់ការធ្វើដំណើររបស់ភ្ញៀវ ក៏មានក្រុមសមត្ថកិច្ចតាមឃ្លាំមើលពីសុវត្ថិភាពការពារក្រែងមានករណីណាមួយកើតមានឡើយដោយយកថាហេតុ។

លោកបញ្ជាក់ថា «បើយើងគិតពីរយៈចម្ងាយពីបាត់ដំបងទៅសៀមរាប មានចម្ងាយ ១២០ គីឡូម៉ែត្រ ក្នុងនោះបើគិតពី ព្រែកកញ្ច្រែង តាមដងស្ទឹងសង្កែ រហូតដល់ព្រែកទាល់មានចម្ងាយ ៩០ គីឡូម៉ែត្រ ហើយពីព្រែកទាល់ រហូតដល់កំពង់ផែចុងឃ្នៀសខេត្តសៀបរាប ចម្ងាយ ៣០ គីឡូម៉ែត្រ អីចឹងសរុបមានចម្ងាយ ១២០ គីឡូម៉ែត្រ»៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


