ព័ត៌មានជាតិ
ពាក់កណ្តាលឆ្នាំ២០២៤ ច្រកចេញចូលតែមួយស្រុកស្រែអំបិល បានផ្តល់សេវាសាធារណៈជូនពលរដ្ឋជាង ៤ម៉ឺនសេវា
មន្រ្តីប្រចាំនៅការិយាល័យច្រកចេញចូលតែមួយស្រុកស្រែអំបិល បានបង្ហាញថា ៦ខែ ឆ្នាំ២០២៤ ខ្លួនបានទទួល និងផ្តល់សេវាសរុបប្រមាណ ៤៣ ០៥៦សេវា ជូនប្រជាពលរដ្ឋ បើធៀបនឹងរយៈពេលដូចគ្នាកើនឡើងច្រើន។

ពាក់កណ្តាលឆ្នាំ២០២៤នេះ តម្រូវការមកស្នើសុំសេវារដ្ឋបាលសាធារណៈនៅច្រកចេញចូលតែមួយស្រុកស្រែអំបិលមានចំនួន ១០ ៤១៧នាក់ ស្រីចំនួន ៤ ៧៩២នាក់ ស្មើនឹង ៤៣០៥៦ សេវា ឯណោះ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យ៉ុម យូរី ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកស្រែអំបិល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
លោកស្រី យ៉ុម យូរី បានឱ្យដឹងថា ប្រភេទសេវាសាធារណៈដែលប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំ ភាគច្រើនជាសេវាបញ្ជាក់នីត្យានុកូលដ្ឋាន និងអត្រានុកូលដ្ឋាន ខណៈពួកគាត់ត្រូវការដើម្បីយកទៅភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ លោកស្រីថា រាល់ការផ្តល់សេវាសាធារណ គឺឈរលើគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដោយបំពេញការងារប្រកបដោយតម្លាភាព លឿនឆាប់រហ័ស និងគ្មានយកកម្រៃសេវាខាងក្រៅនោះឡើយ។ លោកស្រី ក៏បានអំពាវនាវដល់គ្រប់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន មកទទួលសេវារដ្ឋបាលសាធារណៈដោយខ្លួនឯង ចៀសវាងពឹងពាក់អ្នកដ៏ទៃដែលគេអាចឆ្លៀតឱកាសរកសេវាក្រៅប្រព័ន្ធធ្វើឱ្យខាតបង់ថវិកា និងពេលវេលា។

អ្នកស្រី លឹម គឹមហុង ពលរដ្ឋរស់នៅឃុំស្រែអំបិល និងលោក ហៃ គយ ជាពលរដ្ឋរស់នៅឃុំដងពែង ស្រុកស្រែអំបិល បង្ហាញក្តីរីករាយនឹងការមកស្នើសុំសេវាបញ្ជាក់អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ និងសំបុត្របញ្ជាក់កំណើត នៅការិយាល័យច្រកចេញចូលតែមួយស្រុក។
តំណាងពលរដ្ឋ អះអាងថា ក្រុមមន្រ្តីបម្រើការងារ មានភាពរាក់ទាក់ល្អ និងផ្តល់សេវាបានឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ មិនចំណាយពេលវេលាច្រើន គ្មានការទាមលុយកាក់ ពិសេសការកំណត់ពេលវេលាបានច្បាស់លាស់ ក្នុងការមកទទួលយកឯកសារត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នានោះ ពលរដ្ឋក៏បានអរគុណដល់ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងក្រុមមន្រ្តីពាក់ព័ន្ធដែលប្រឹងប្រែងបំពេញការងារផ្តល់សេវាសាធារណៈប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍លទ្ធផលការងារ ៦ខែ ឆ្នាំ២០២៤ នេះ ការិយាល័យច្រកចេញចូលតែមួយស្រុកស្រែអំបិល បានទទួលចំណូលចូលរដ្ឋពីការផ្តល់សេវាសរុប ១៩លានរៀល។ ក្នុងនោះ មានការធ្វើនីត្យានុកូលកម្ម អត្រានុកូលដ្ឋាន សុខាភិបាល វប្បធម៌ សាធារណការ សំណង់ និងបណ្ណព្រំដែនជាដើម៕
អត្តបទៈ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


