ព័ត៌មានជាតិ
សហជីព នឹងស្នើតួលេខបឋម ២១៨ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត ឆ្នាំ ២០២៥
ភាគីសហជីព គ្រោងនឹងស្នើតួលេខបឋមចំនួន ២១៨ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ ២០២៥។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍នៅថ្ងៃទី ២៧ សីហា នេះថា ភាគីសហជីពតំណាងឱ្យកម្មករ-និយោជិត នឹងដាក់សំណើដំបូងនូវតួលេខ ២១៨ ដុល្លារ ដើម្បីដាក់ក្នុងការពិគ្រោះពិភាក្សា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោកបានបន្តថា «សំណើយើងនេះដោយផ្អែកទៅលើលក្ខណវិនិច្ឆ័យទាំង ៧។ ដូច្នេះបន្ទាប់ពីយើងបានពិភាក្សាគ្នាទៅឃើញថាស្នើក្នុងអត្រា ៧ ភាគរយ ហើយតួលេខនេះ ស្នើ ២១៨ ដុល្លារដំបូង ដើម្បីដាក់ដំណើរការក្នុងការពិភាក្សានៅថ្ងៃទី ២៩ សីហា ខាងមុខនេះ ហើយទៅមុខទៀត ប្រសិនបើតួលេខមានការប្រែប្រួល ឬផ្លាស់ប្ដូរអ្វីទៀត អាស្រ័យទៅនឹងការនិយាយគ្នាបន្តទៀត»។

លោក សំ សឿន បានបន្តទៀតថា លក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង ៧ ក្នុងនោះរួមមានវិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៥។
កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី ២ ដែលមានតំណាងភាគីរាជរដ្ឋាភិបាល ១៧ រូប ភាគីសហជីព ១៧ រូប និងភាគីនិយោជក ១៧ រូប សរុប ៥១ រូប បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ និងគ្រោងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី ២៩ ខែសីហា, ថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។

នៅក្នុង ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស។
លោក សំ សឿន បានបន្តទៀតថា ការចរចា ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិត ឆ្នាំនេះ ប្រកបដោយភាពចាស់ទុំ និងវិជ្ជមាន ហើយសង្ឃឹមថា នឹងទទួលបានប្រាក់ឈ្នួលថ្មីមួយល្អប្រសើរជាងឆ្នាំមុន។

យ៉ាងណាក៏ដោយ លោក បានសំណូមពរដល់ភាគីនិយោជក ជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យបន្ថែមទៀតដល់កម្មករ-និយោជិត ព្រោះថាការដំឡើងប្រាក់ឈ្នួលនេះ នឹងជួយលើកកម្ពស់សុខភាពកម្មករ-និយោជិត កាន់តែល្អ ក៏ដូចជាលើកស្ទួយជីវភាពគ្រួសារបានកាន់តែប្រសើរ ពិសេសជួយលើកកម្ពស់ផលិតកម្មតាមសហគ្រាសកាន់តែរីកចម្រើនផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


