ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ប្រាប់មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ អនុវត្តការងារឱ្យមានគុណភាព និងគ្រប់ទីកន្លែង
ដើម្បីឱ្យដំណើរការកម្មវិធីជាតិផ្តល់ថ្នាំបង្ការ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ អនុវត្តការងារឱ្យមានគុណភាព ដោយរលូន និងមានឯកភាពគ្នាគ្រប់ទីកន្លែង ទាំងថ្នាក់ជាតិរហូតដល់មូលដ្ឋានភូមិ ឃុំ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការសម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជួយដល់សុខភាពស្ត្រី ទារក កុមារ និងប្រជាពលរដ្ឋគ្រប់រូប គោលដៅចម្បងរបស់កម្មវិធីផ្តល់ថ្នាំបង្ការគឺ ធ្វើឱ្យសម្រេចបាននូវអត្រាគ្របដណ្តប់ថ្នាំបង្ការទាំង ១២មុខ ប្រមាណ១០០% តាមរយៈការបង្កើនការផ្តល់ថ្នាំបង្ការនៅនឹងមន្ទីរពេទ្យ មណ្ឌលសុខភាព ដោយបង្កើនការចុះតាមដានស្រាវជ្រាវរក និងផ្តល់ថ្នាំបង្ការដល់ទារក និងកុមារដែលមិនទាន់បានទទួល គ្រប់ទីកន្លែង ពិសេសនៅតំបន់ដាច់ស្រយាល។

បន្ថែមពីនេះ លោកបានផ្តាំផ្ញើដល់មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ត្រូវរៀបចំស្នូលនៃចក្ខុវិស័យសម្រាប់ការបង្ការជំងឺទាំង ១២មុខ ដោយផ្អែកលើចំណេះ ជំនាញ គុណតម្លៃពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានភូមិ ឃុំ។ ព្រមទាំងបង្កើនការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយពន្យល់អំពីផលប្រយោជន៍នៃការផ្តល់ថ្នាំបង្ការជំងឺទាំង ១២មុខ និងផលវិបាកនៃការឆ្លងជំងឺ ពិការភាព ឬស្លាប់ក្នុងករណីដែលមិនព្រមទទួលថ្នាំបង្ការ និងរៀបចំផែនការឆ្នាំ ផែនការរំកិល ៣ឆ្នាំ ទិសដៅនាពេលអនាគតសម្រាប់ការផ្តល់ថ្នាំបង្ការ និងផែនការពង្រីកការផ្តល់ថ្នាំបង្ការជំងឺផ្សេងៗបន្ថែមទៀត។ លើសពីនេះ ត្រូវពង្រឹងកិច្ចសហការលើកទឹកចិត្តមន្ត្រី បុគ្គលិកសុខាភិបាល ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក្នុងបង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចាក់ថ្នាំបង្ការជំងឺ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្មវិធីជាតិ ក្នុងការផ្តល់ការគាំទ្រ ណែនាំ និងអភិបាលដល់មន្ត្រីថ្នាក់ក្រោមជាតិទាំង ២៥ខេត្ត រាជធានី រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។ ក្នុងនោះ លើសពីការបំបាត់បានជំងឺកាចសាហាវ និងផ្តល់ពិការភាព ដូចជាជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស របេង ជាដើម ក៏នៅមានជំងឺជាច្រើនត្រូវបានកាត់បន្ថយមកអប្បរិមា មានជំងឺរលាកថ្លើមបេ រលាកសួត រលាកខួរក្បាល និងស្រោមខួរ។ល។

ទន្ទឹមនេះ លោកក៏បានអរគុណដល់បុគ្គលិកនៃកម្មវិធីផ្តល់ថ្នាំបង្ការទាំងអស់ និងប្រាប់ឱ្យមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ដើម្បីជាប្រយោជន៍រួមធានា ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


