ព័ត៌មានជាតិ
បុណ្យសមុទ្រលើកទី១១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ នៅខេត្តកំពត
ក្រសួងទេសចរណ៍ នឹងរៀបចំបុណ្យសមុទ្រ លើកទី១១ នៅលើទឹកដីខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែធ្នូឆ្នាំ២០២៤ ក្រោមប្រធានបទ “បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ចេញកាលពីថ្ងៃទី១៣ ខែកញ្ញា។

នៅថ្ងៃទី១៤ ខែធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកបុណ្យសមុទ្រដែលរៀបចំក្នុងខេត្តស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជាមួយនេះ។
មិនខុសពីឆ្នាំកន្លងទៅឡើយ បុណ្យសមុទ្រលើកនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ផ្ដល់ជូនអ្នកទស្សនាដូចជា ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីសំណាក់ សិល្បករខ្មែរ សិល្បៈការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ការអុចកាំជ្រួចអបអរពិធី និងសកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលផលទូទៅ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗ។

កាលពីខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យកំណត់បង្កើតពិធីបុណ្យសមុទ្រ ដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត បម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។

តាមអនុក្រឹត្យ ពិធីបុណ្យសមុទ្រត្រូវរៀបចំឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួនខេត្ត ដូចជាខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដោយឈរលើគោលការណ៍ផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មួយនេះឡើងនៅចុងសប្ដាហ៍ទី១ នៃខែធ្នូរៀងរាល់ឆ្នាំ។

ការរៀបចំពិធីបុណ្យសមុទ្រនេះ គឺធ្វើឡើងបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។
គួរឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ១ បានរៀបចំឡើងនៅខេត្តព្រះសីហនុ នាឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២,លើកទី ២ ឆ្នាំ២០១៣ នៅខេត្តកែប, លើកទី ៣ ឆ្នាំ២០១៤ នៅខេត្តកោះកុង,លើកទី ៤ ឆ្នាំ ២០១៥ នៅខេត្តកំពត,លើកទី ៥ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ,លើកទី ៦ ឆ្នាំ ២០១៧ នៅខេត្តកែប,លើកទី ៧ ឆ្នាំ ២០១៨ នៅខេត្តកោះកុង,លើកទី ៨ ឆ្នាំ ២០១៩ នៅខេត្តកំពត,ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩, ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ និងលើកទី ១០ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប៕




-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


