ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃទេសចរណ៍ថ្មី
អាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិវត្តបូព៌ បានចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ភូមិវត្តបូព៌ ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស ប្រចាំឆ្នាំ២០២២។ ចំណាត់ថ្នាក់ Time Out ដែលត្រូវបានផ្សាយបន្តដោយ CNN ផងដែរនោះ មានការសរសេររៀបរាប់ពីសកម្មភាពដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។
ទន្ទឹមនោះ ទីអារាមមួយនេះក៏នឹងគ្រោងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។

លោកបន្តថា ដោយឃើញពីភាពសម្បូរបែបទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៌ ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។
លោកអភិបាលរងខេត្ត បន្ថែមថា ក្នុងក្របខ័ណ្ឌលើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាប បាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព លើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជំរុញខេត្តសៀមរាបឱ្យក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ជាតិទាំងមូល។

ក្រុមអាជីវករនៅតាមបណ្តោយផ្លូវលេខ២៦ ក្នុងភូមិវត្តបូព៌ បានបង្ហាញក្ដីរីករាយ និងចង់បានការរៀបចំបែបនេះ ព្រោះវាមានការផ្លាស់ប្តូរច្រើនហើយស្អាតជាងគេ។ អ្វីៗទាំងអស់វាផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះការចូលរួមពីពួកយើង នឹងធ្វើឱ្យអ្នកទេសចរមានការពេញចិត្ត ព្រោះពួកយើងបានយកចិត្តទុកដាក់ជាមួយភ្ញៀវតាំងពីសុខភាព សុវត្ថិភាព ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត បើយើងល្អគេមករកយើងហើយ៕
អត្ថបទ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ