ព័ត៌មានជាតិ
សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក
សម្តេចប៉ាប ហ្វ្រង់ស៊ីស កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក ជាពិសេសការដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាដែលនឹងនាំឱ្យមនុស្សជាតិមានស្មារតីចាកឆ្ងាយពីសង្គ្រាម និងឈានមកស្រលាញ់សន្តិភាព។

សម្ដេចប៉ាប សរសើរបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា នៅក្នុងវិមានវ៉ាទីកង់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីគោរពរាប់អានពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងមូល ជូនចំពោះសម្តេចប៉ាប ផងដែរ ព្រមទាំងបានថ្លែងអំណរគុណដល់សម្តេចប៉ាប និងប្រទេស The Holy See ទាំងមូល ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈអង្គការមនុស្សធម៌បែបសាសនា។

លោក លី ធុជ បានលើកឡើងថា កម្ពុជា ជាប្រទេសស្រលាញ់សន្តិភាព ហើយពិតជាមានមោទនភាពជាខ្លាំង ដែលទទួលបានការគាំទ្រ ឱ្យធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលវាបានឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កម្ពុជា ក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកម្រិតសកលដ៏សំខាន់នេះ។

លោក បានគូសបញ្ជាក់ថា ខេត្តសៀមរាប ដែលជាទីតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាអតីតតំបន់សមរភូមិ និងបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ក៏ប៉ុន្តែក្រោយប្រតិបត្តិការបោសសម្អាតមីន ខេត្តសៀមរាប បានប្រែមុខមាត់ថ្មី និងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ធំមួយ និងបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេស The Holy See (បុរីវ៉ាទីកង់) ដែលផ្តល់ការគាំទ្រ ដល់អនុសញ្ញាអូតាវ៉ា និងបានជួយផ្សព្វផ្សាយ រំលឹកដល់មនុស្សជាតិទាំងអស់ អំពីកាតព្វកិច្ចក្នុងការការពារភពផែនដី និងការពារសន្តិភាព។

លោកបណ្ឌិត បានស្នើដល់បុរីវ៉ាទីកង់ បន្តគាំទ្រដល់អនុសញ្ញាអូតាវ៉ា ជាពិសេសតាមរយៈការអំពាវនាវ ដល់ពិភពលោកទាំងមូល ឱ្យរួបរួមគ្នាលុបបំបាត់ការរងទុក្ខវេទនារបស់មនុស្ស ដែលបង្កដោយគ្រាប់មីន ដោយបញ្ឈប់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតតំបន់មានមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។
ជាការឆ្លើយតប សម្តេចប៉ាប ហ្វ្រង់ស៊ីស កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក និងការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ជាពិសេសការដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាដ៏មានសារសំខាន់ដែលនឹងនាំឱ្យមនុស្សជាតិមានស្មារតីចាកឆ្ងាយពីសង្គ្រាម និងឈានមកស្រលាញ់សន្តិភាព។

សម្តេចប៉ាប បានសង្កត់ធ្ងន់លើពាក្យ “យើងត្រូវប្រយុទ្ធដើម្បីសន្តិភាព យើងត្រូវប្រយុទ្ធដើម្បីជួយជនរងគ្រោះដោយសារមីន យើងទាំងអស់គ្នាត្រូវការជម្រុញឱ្យមានសន្តិភាព”។
សម្តេចប៉ាប បានថ្លែងទៀតថា ប្រទេស The Holy See នឹងបញ្ជូនគណ:ប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខ តបតាមការអញ្ជើញរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


