ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅតែសំណូមពរដល់លោកតាលោកយាយ និងចាស់ព្រឹទ្ធាចារ្យបន្តផ្តល់ដំបូន្មានដែលល្អៗដល់កូនចៅជំនាន់ក្រោយប្រកបដោយសិលធម៌ ដើម្បីឱ្យពួកគេស្គាល់ពីគុណតម្លៃរបស់មនុស្សចាស់កសាងកន្លងមក។

មនុស្សចាស់នៅតែជាមរតករបស់មនុស្សរស់នៅជំនាន់ក្រោយដោយមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះមនុស្សជំនាន់ក្រោយគប្បីដឹងគុណគោរពស្រឡាញ់មនុស្សជំនាន់មុន ដែលប្រឹងប្រែងកសាងរាល់សមិទ្ធផលដែលសំបូរបែបដល់ពេលបច្ចុប្បន្នទាំងការអភិវឌ្ឍន៍គ្រួសារ និងសង្កមជាតិ។

នេះជាការបញ្ជាក់របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
លោកស្រីអភិបាលខេត្តកោះកុង រំលេចទៀតថា លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យ មាតាបិតា និងមនុស្សដែលមានវ័យខ្ពស់ជាងមនុស្សជំនាន់ក្រោយ ចាំបាច់ណាស់ប្រៀនប្រដៅអប់រំដល់កូនចៅប្រកបដោយគតិបណ្ឌិតតាមប្រពៃណី ទំនៀមទម្លាប់ និងកេរមរតកសម្បត្តិវប្បធម៌ដែលល្អផូរផង់។

ពិសេសអប់រំពួកគេអោយចេះចូលរួមការងារក្នុងសង្គម ថែរក្សាការពារសុខសន្តិភាព និងភាពសុខុដុមរមនាក្នុងសង្គមជាតិ ចៀសវាងធ្វើប្រទេសធ្លាក់ចូលភ្លើងសង្រ្គាមដូចពេលអតីតកាល។
យ៉ាងណាមិញ លោកស្រី មិថុនា ភូថង លើកឡើងដែរថា បរិវត្តកម្មឌីជីថល កំពុងបង្កលក្ខណៈងាយស្រួលដល់មនុស្សចាស់ដែលខ្វះសមត្ថភាពបម្លាស់ទី និងរស់នៅឆ្ងាយពីកូនចៅដែលពួកគាត់មានភារកិច្ចការងាររៀងខ្លួនពុំបាននៅជិតដូចពេលមុនៗ ដោយប្រែមកទទួលអារម្មណ៍កក់ក្តៅដោយរស់នៅផ្ទាល់នឹងកូនចៅតែម្តង។

លោកស្រីអភិបាលខេត្ត ក៏ស្នើដល់រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជួយបង្កលក្ខណៈងាយស្រួល និងគាំទ្រដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ក្នុងសហគមន៍ ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមករវាងមនុស្សចាស់មានវ័យជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងជាដើម។

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទាខេត្តកោះកុង បង្ហាញតាមរយៈរបាយការណ៍របស់ខ្លួនថា ខេត្តកោះកុងមានមនុស្សចាស់សរុប១១.៥៩៥នាក់ ក្នុងនោះមនុស្សចាស់ជាអតីតមន្រ្តីរាជការស៊ីវិលចូលនិវត្តន៍ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន៣៤៤នាក់ និងអតីតយុទ្ធជនជានិវត្តជន និងបាត់បង់សមត្ថភាពការងារចំនួន១.១១៤នាក់។

លោកគង់ សំរិទ្ធ បានបន្តថា តបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងបានដោះស្រាយរបបគោលនយោបាយនានាជូនដល់មនុស្សចាស់សរុប១.៤៥៨នាក់ បើគិតជាថវិកាសរុប១.១៨១លានរៀល។ ជាក់ស្តែងពួកគាត់កំពុងបើករបបសន្តិសុខប្រចាំខែនៅតាមប្រព័ន្ធធនាគារតាមបណ្តាក្រុងស្រុកឃុំសង្កាត់ដែលពួកគាត់កំពុងរស់នៅ។

រីឯសមាគមមនុស្សចាស់នៅតាមសហគមន៍វិញ លោកប្រធានមន្ទីរសង្គមកិច្ច អះអាងថា មានសមាគមមនុស្សចាស់ចំនួន៧ឃុំសង្កាត់ ស្មើនឹង១១ភូមិដែលកំពុងដំណើរការទៅតាមស្ថានភាពជាក់ស្តែងនៃឃុំសង្កាត់នីមួយៗ។ ហើយជាក់ស្តែងមានសមាជិកសរុបចំនួន៥៦៧នាក់ ស្រ្តី៣៥៦នាក់ គិតមកទល់ពេលនេះសមាគមមានថវិកាតម្កល់ចំនួន៤លាន៤សែនរៀល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


