ព័ត៌មានជាតិ
លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ
អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែតុលា នេះ បានចេញវីដេអូ និងលិខិតសុំទោសចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានសារភាពទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន៥លើក អំឡុងខែកញ្ញា កន្លងទៅ។

នៅក្នុងវីដេអូរយៈពេលប្រមាណ១នាទី ស្ថិតក្នុងសម្លៀកបំពាក់អ្នកជាប់ឃុំ លោក ម៉ិច ដារ៉ា លើកម្រាមដៃ១០ សំពះនិយាយសូមទោស ថ្នាក់ដឹកនាំដូច្នេះថា៖«ខ្ញុំបាទសូមធ្វើការ សុំទោសដល់ប្រមុខថ្នាក់ដឹកនាំទាំងពីររូប រួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសារដែលខ្ញុំបាទបានបង្ហោះកាលពីថ្ងៃទី២០ ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ ថ្ងៃទី២៩»។
លោក ម៉ិច ដារ៉ា សង្កត់ធ្ងន់ថា៖« រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះនូវកំហុសឆ្គង ដែលរូបខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។
គួរឱ្យដឹងថា លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោក បានបង្ហោះនូវរូបថត និងដាក់ខ្លឹមសារថា«ការអភិវឌ្ឍដ៏អស្ចារ្យ» ដែលភ្ជាប់ជាមួយរូបថតកាយភ្នំមួយកន្លែង ដែលលោក ម៉ិច ដារ៉ា អះអាងថាមានទីតាំងនៅរមណីយដ្ឋានបាភ្នំ ក្នុងខេត្តព្រៃវែង ប៉ុន្តែភ្លាមៗលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញមកបំភ្លឺ និងចាត់ទុកការបង្ហោះរបស់លោក ម៉ិច ដារ៉ាជាព័ត៌មានក្លែងក្លាយ។ ក្រោយការឃាត់ខ្លួន តុលាការបានចោទប្រកាន់ លើលោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្ដាល៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


