ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សាទាំងអស់ ឯកភាពគ្នាមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានប្រកាសថា គ្រឹះស្ថានសិក្សាទាំងអស់បានឯកភាពគ្នាមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ ហើយនឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្សនិស្សិតតាមលទ្ធភាពរៀងៗខ្លួន។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ការមិនដំឡើងថ្លៃសិក្សានេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៅកម្ពុជា ពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ក៏ដូចជាពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាតាមភាពជាក់ស្ដែងសម្រាប់សិស្សនិស្សិត ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្សនិស្សិតបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលបានកំណត់ក្នុងគោលនយោបាយជាអាទិភាពរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្សនិស្សិត។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ រដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្តមួយចំនួន ដូចជាពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។
ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្សនិស្សិតចំពោះការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ច ជូនលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក១២០ ពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពបញ្ចុះថ្លៃសិក្សាតាមភាពជាក់ស្ដែងសម្រាប់សិស្សនិស្សិត។
សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាបានផ្ញើលិខិតជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ ហើយបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាទាំងអស់បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ ហើយនឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្សនិស្សិតទៅតាមលទ្ធភាពរៀងៗខ្លួន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


