ព័ត៌មានជាតិ
៤ ថ្ងៃ នៃពិធីបុណ្យអុំទូកមានពលរដ្ឋមានបញ្ហាសុខភាពស្រាលៗ ជាង ១ ម៉ឺន ៣ ពាន់នាក់
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៤ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានប្រជាពលរដ្ឋ និងកីឡាករអុំទូក មានបញ្ហាសុខភាពស្រាលៗ ប្រមាណជាង ១ ម៉ឺន ៣ ពាន់នាក់ ក្នុងនោះ មានជិត ៣០ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ វិច្ឆិកា នេះថា រយៈពេល ៤ ថ្ងៃ នៃពិធីបុណ្យអុំទូកមានប្រជាពលរដ្ឋ និងកីឡាករអុំទូក មានបញ្ហាសុខភាពស្រាលៗ ដូចជា ក្តៅខ្លួន ផ្តាសាយ និងឈឺក្បាល ចំនួន ១៣ ៥៨១ ករណី ក្នុងនោះមានស្ត្រីប្រមាណជិត ៤ ពាន់ករណី។ ក្នុងនោះ នៅថ្ងៃទី ១៣ វិច្ឆិកា ដែលជាថ្ងៃត្រៀមអុំទូកបានផ្តល់សេវា ចំនួន ៦៥៦ ករណី។ ថ្ងៃទី ១ ត្រូវថ្ងៃទី ១៤ វិច្ឆិកា បានផ្តល់សេវាចំនួន ៣ ៣៩០ ករណី។ ថ្ងៃទី ២ ត្រូវថ្ងៃទី ១៥ បានផ្តល់សេវាចំនួន ៥ ១២៩ ករណី និងថ្ងៃទី ៣ ត្រូវនឹងថ្ងៃទី ១៦ វិច្ឆិកា បានផ្តល់សេវាចំនួន ៤ ៤០៦ ករណី។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្នុងចំណោមអ្នកមកទទួលសេវាសុខភាពជាង ១ ម៉ឺន ៣ ពាន់ករណី ក្នុងនោះមាន ២៧ ករណី ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យប្រចាំការ គ្រូពេទ្យចល័ត ក្រុមរថយន្តគិលានសង្គ្រោះ ទាំង ៦០៧ នាក់ ក្នុងមួយថ្ងៃ ដែលបានប្តូរផ្លាស់វេនទៅតាមថ្ងៃនីមួយៗ បានបំពេញការងារយ៉ាងសស្រាក់សស្រាំ ប្រកបដោយទឹកចិត្តករុណា សន្ដោស សប្បុរស ពិសេសបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី ចំណុះទូក នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការខិតខំរបស់ក្រុមគ្រូពេទ្យនាពេលនេះ នឹងមានចងចាំទុកជាអនុស្សាវរីយ៍ចំពោះស្នាដៃក្នុងការចូលរួមក្នុងបេសកកម្មដ៏ឧត្តុង្គឧត្ដមរបស់ប្រទេសជាតិ ដែលពិតជាស័ក្ដិសមនឹងកិត្តិនាម «គ្រូពេទ្យជាកងទ័ពអាវស បំពេញភារកិច្ចរបស់ទេវតា»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការចូលរួមនាពេលនេះ គឺពិតជាការងារដ៏ប្រពៃណីថ្លៃថ្លា ដែលបង្ហាញការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការពង្រឹង និងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ បើមិនមានសេចក្តីសុខ បើមិនមានសន្តិភាពពេញលេញ យើងប្រាកដណាស់ថាមិនមានឱកាសមកជួបជុំគ្នាឈរនៅទីនេះ ចូលរួមរីករាយ និងបម្រើបងប្អូនប្រជាពលរដ្ឋយើងនោះទេ»។
គួរបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នារាជធានីភ្នំពេញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៦ លាននាក់ មកចូលរួមដើរលេងកម្សាន្តតាមតំបន់នានានៅរាជធានីភ្នំពេញផងដែរ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


