ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការដូរប្រមុខការទូត គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំង ខណៈបញ្ហាអន្តរជាតិកាន់តែស្មុគស្មាញ
ការដោះដូរតំណែងរដ្ឋមន្ត្រីការបរទេស គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត សំដៅឆ្លើយតបនឹងការវិវត្តកាន់តែស្មុគស្មាញនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅលើពិភពលោក។ នេះជាការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាជាតិកម្ពុជាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប្រាក់ សុខុន ត្រឡប់មកកាន់តំណែងចាស់របស់លោកវិញ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្ដាសោភា ដែលបានកាន់តំណែងនេះរយៈពេលជិត ១៥ខែប៉ុណ្ណោះ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧។ ប៉ុន្តែ លោក សុខ ចិន្តាសោភា នៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី ដដែល។
លោក ប្រាក់ សុខុន គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងអាណត្តិសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លោកត្រូវជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគរាជធានីភ្នំពេញ ហើយត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។ លោក ប្រាក់ សុខុន ក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង រួមទាំងប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនទៀត ខណៈក្នុងអាណត្តិកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក ក៏ក្លាយជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ាផងដែរ។

ដោយឡែក លោក សុខ ចិន្តាសោភា មុនក្លាយជារដ្ឋមន្ត្រីការបរទេស ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ លោក គឺជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិនិយោគ ដែលលោកបានទទួលការសិក្សាអប់រំមកពីប្រទេសបារាំងលើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយលោក សុខ ចិន្តាសោភា ក៏ជាអតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអាណត្តិសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។
ផ្អែកលើបទពិសោធរបស់លោក ប្រាក់ សុខុន ក្នុងវិស័យការបរទេស និងបទពិសោធរបស់លោក សុខ ចិន្តាសោភា ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការស្នើកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលពេលនេះ គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត ពោលគឺនឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជាបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានភាពចាំបាច់ក្នុងការបង្កើន និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំអនុវត្តការងាររបស់ខ្លួន ជាពិសេសក្នុងវិស័យការបរទេស និងកិចុ្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់ការជំរុញគោលនយោបាយការបរទេស ប្រកបដោយភាពបត់បែន ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ព្រមទាំងបន្តលើកកម្ពស់នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗទាំងក្នុងតំបន់ ក្រៅតំបន់ និងលើឆាកអន្តរជាតិ។

គួរជម្រាបថា ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប តាមសំណើរបស់រាជរដ្ឋាភិបាល គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី ដោយសំឡេងគាំទ្រ ១១២សំឡេងនៃសមាជិករដ្ឋសភាទាំងមូល។
នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើរដ្ឋសភា ដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ខណៈកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


