Connect with us

ព័ត៌មានជាតិ

ប.ស.ស ៖ កម្មករចុះឈ្មោះចូលជាសមាជិក ប.ស.ស នឹងទទួលបាន របបធានារ៉ាប់រងសន្តិសុខសង្គមចំនួន ៣

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​បាន​អះអាងថា ​នៅពេល​ថៅកែ​របស់​កម្មករ-និយោជិត ​បាន​ចុះ​ឈ្មោះ​អ្នក​ចូល​ជា​សមាជិក ប​.​ស​.​ស​. នោះ លោក​អ្នកនឹង​ទទួលបាន​របប​ធានារ៉ាប់រង​សន្តិសុខ​សង្គម​ចំនួន ​៣ ​រួមមាន​ ទី​១.របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ ,​ទី​២.របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ និង​ទី​៣​.របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប​.​ស​.​ស​. ក្រៅ​នេះ សម្រាប់​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​សម្រាលកូន នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​បន្ថែម​ទៀត​ដូចជា ​សេវា​សម្រាល សេវា​ថែទាំ​មុន និង​ក្រោយពេល​សម្រាល ដោយ​ឥតគិតថ្លៃ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ​ចំនួន ៩០ ថ្ងៃ នៃ​ការ​ឈប់​សម្រាក មុន​ និង​ក្រោយ​សម្រាលកូន។ ប៉ុន្តែ​តម្រូវ​ឱ្យ​បង់​ភាគទាន​មក ប​.​ស​.​ស​. បាន​យ៉ាង​តិច ៩​ ខែ ​ក្នុងអំឡុងពេល ១២​ ខែ​ចុងក្រោយ ​គិត​មកដល់​ខែ​សម្រាលកូន​ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល។

ប​.​ស​.​ស​. បាន​អំពាវនាវ​ដល់​ថៅកែ​គ្រឹះស្ថាន​សហគ្រាស​ទាំងអស់ ​នាំ​បុគ្គលិក​កម្មករ-និយោជិត​ ទៅ​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. ឱ្យបាន​គ្រប់ៗ ​គ្នា​ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​រាជរដ្ឋាភិបាល ​ពិសេស​ការ​ទៅ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ​របស់ ​ប​.​ស​.​ស។

ប្រសិនបើ​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​ចូល​ជា​សមាជិក ​ប​.​ស​.​ស​. លោកអ្នក​ទំនាក់ទំនង​មក​កាន់​លេខ ១២៩៧ ឬ​ ១២៨៦ ដោយ​ឥតគិតថ្លៃ ឬ​តាមរយៈ​បណ្ដាញ​សង្គម​របស់​ ប​.​ស​.​ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ទី ​៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស​. មាន​សមាជិក​សរុប​ចំនួន ២ ៦៣៦ ៩៦២ នាក់ នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​មាន​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព វិស័យ​សាធារណៈ ចំនួន​ ៤៩៣ ៤២៣​ នាក់ សមាជិក ប​.​ស​.​ស​. វិស័យ​ឯកជន ចំនួន ១ ៦០២ ២៩៣​ នាក់ សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ៤០៨ ៦៦៨​ នាក់ ​និង​សមាជិក ប​.​ស​.​ស​. ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. (សហព័ទ្ធ និង​កូន​) ចំនួន ១៣២ ៥៧៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម