ព័ត៌មានជាតិ
អគ្គលេខាធិការអាស៊ាន គាំទ្រធម្មនុញ្ញសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា
សម្ដេចតេជោ រំពឹងថា ធម្មនុញ្ញសន្តិភាពដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា នឹងទទួលបានការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ខណៈអគ្គលេខាធិការអាស៊ាន បានគាំទ្រចំពោះធម្មនុញ្ញសន្តិភាពនេះ ក្នុងការលើកកម្ពស់តម្លៃសន្តិភាព ដើម្បីប្រជាជន និងភពផែនដី។

លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពចំពោះការរៀបចំរបស់កម្ពុជានូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។
សម្តេចតេជោ សង្ឃឹមថា ធម្មនុញ្ញសន្តិភាពនេះ នឹងទទួលបានការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គរបស់ IPTP ហើយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំ និងដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់សមាជិក ដែលជាភាពចាំបាច់បំផុតក្នុងការកសាង និងថែរក្សាសន្តិភាព ក្នុងខណៈដែលសភាពការណ៍ពិភពលោកកំពុងជួបការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង។

លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងការដឹងគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងសន្តិភាព និងភាពអត់ឱន និងទទួលស្គាល់ពីភាពដឹកនាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ IPTP។ លោក ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធម្មនុញ្ញសន្តិភាព ដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយសម្តេចតេជោ ដែលនឹងត្រូវបានអនុម័តនៅសម័យប្រជុំពេញអង្គលើកទី១១ IPTP ដែលគ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួនប្រាំ រួមមាន ការទប់ស្កាត់ជម្លោះ វឌ្ឍនភាពនៃការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
លោក កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសសរស្តម្ភទាំងប្រាំនៃធម្មនុញ្ញសន្តិភាព ក្នុងការផ្ដល់ជូនជាកម្លាំងចលករកាន់តែប្រសើរ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញតម្លៃរួមក្នុងសន្តិភាពនិងភាពអត់ឱន ជំរុញសន្តិសុខធនធាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅនឹងគោលដៅអាទិភាពរបស់អាស៊ានផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានអរគុណចំពោះការគាំទ្រដល់ធម្មនុញ្ញសន្តិភាព និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រមូលធាតុចូល និងបញ្ញាញាណពីគ្រប់ច្រកល្ហក ដែលត្រូវបានដាក់បញ្ចូលជាកញ្ចប់ និងជាផែនទីចង្អុលផ្លូវមួយដែលកម្ពុជារួមគ្នាតាក់តែងឡើង។
សម្តេចតេជោ ក៏បានសម្តែងក្តីរីករាយ ដែលរាល់ការផ្តួចផ្តើមរបស់កម្ពុជា តែងតែទទួលបានការស្វាគមន៍ ទទួលយក និងគាំទ្រពីបណ្តាប្រទេសនានា។ សម្ដេចតេជោ មានមោទនភាព ដែលសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមពីបណ្ដាប្រទេសជាច្រើនរួមមាន អាហ្វ្រិក អាមេរិកឡាទីន គណបក្សនយោបាយនិយមកណ្ដាល និងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


