ព័ត៌មានជាតិ
មន្រ្តីកម្ពុជា៖ ការដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង ពុំប៉ះពាល់ដល់ពលរដ្ឋខ្មែរឡើយ
បន្ទាប់ពីកូរ៉ខាងត្បូងប្រកាសចេញច្បាប់អាជ្ញាសឹក, ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី បានបញ្ជាក់ថា គិតត្រឹមថ្ងៃ ៤ ខែ ធ្នូនេះ ពុំមានប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងនោះទេ ហើយពលករខ្មែរបន្តធ្វើការជាធម្មតា។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រក្សាភាពស្ងៀមស្ងាត់ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលអាចខុសទៅនឹងច្បាប់អាជ្ញាសឹក។

កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបង្កការភ្ញាក់ផ្អើលដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់បំផុត ដោយអះអាងពីភាពចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើង និងកម្លាំងប្រឆាំងរដ្ឋ។
ការប្រកាសនោះបានបង្កចលាចលពេញប្រទេស ដោយនាំឱ្យប្រជាជនចេញតវ៉ា ហើយគេឃើញមានទាំងរថក្រោះនិងកងទាហាន ដាក់ពង្រាយនៅទីក្រុងសេអ៊ូលទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ មិនដល់២ម៉ោងផង ច្បាប់នេះត្រូវបានសមាជិករដ្ឋសភាកូរ៉េខាងត្បូងចំនួន១៩០រូប បោះឆ្នោតប្រឆាំង ហើយលោកប្រធានាធិបតី Yoon ក៏ដកច្បាប់នេះចេញវិញ។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រាប់កម្ពុជាថ្មីថា ការប្រកាសច្បាប់អាជ្ញាសឹក មិនប៉ះពាល់ដល់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េនោះឡើយ។ លោកស្រីបញ្ជាក់ថា៖«ពុំមានចលាចលទេ ពីព្រោះម្នាក់ៗកំពុងតាមដានស្ថានភាព ហើយព័ត៌មានចុងក្រោយដែលខ្ញុំទទួលបានអត់មានចលាចលទេ ម្នាក់ៗទៅធ្វើការជាធម្មតា»។

ចំណែករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវដល់បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ រក្សាភាពស្ងៀមស្ងាត់ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលអាចខុសទៅនឹងច្បាប់អាជ្ញាសឹក និងបានអំពាវនាវបងប្អូនរក្សាប្រក្រតីភាពការងារ និងមេត្តាកុំលូកចូលក្នុងសកម្មភាពនយោបាយរបស់គេឱ្យសោះ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជិវៈ លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា ពាក់ព័ន្ធការវិវត្តន៍ស្ថានការណ៍នយោបាយនៅកូរ៉េនាពេលនេះ ពុំមានប៉ះពាលដល់ពលករកម្ពុជាដែលកំពុងបម្រើការងារនោះទីនោះទេ។
លោកមានប្រសាសន៍ថា៖«ទាក់ទងទៅនឹងការដាក់ និងដកច្បាប់អាជ្ញាសឹក គិតមកដល់ម៉ោងនេះបងប្អូនកម្ពុជាដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ពួកគាត់បាននិងគាត់កំពុងធ្វើការជាធម្មតាដោយពុំមានអ្វីកើតឡើងចំពោះគាត់នោះទេ»។
ឆ្លៀតក្នុងឱកាសនេះ លោក កត្តា អ៊ន អំពាវនាវដល់បងប្អូនពលករកម្ពុជាទាំងអស់ សូមកុំពាក់ព័ន្ធទៅនឹងកិច្ចការនយោបាយទាំងនោះ និងបន្តធ្វើការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនដែលជាបេសកកម្មរបស់បងប្អូនក្នុងការមកបំពេញការងារនៅកូរ៉េ ដើម្បីមានការងារ និងប្រាក់ចំណូលសម្រាប់គ្រួសារ។
សូមជម្រាបថា គិតចាប់ពីឆ្នាំ២០០៧ ដល់ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ជាង១០៦ ០០០ នាក់ ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។ ក្នុងនោះ ពលករបន្តអាណត្តិប្រមាណ ១៤,០០០នាក់ បម្រើការងារក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ជាដើម។ ក្រៅពីពលករ ក៏នៅមាននិស្សិតខ្មែរកំពុងបន្តការសិក្សា និងសហគមន៍ខ្មែរដែលកំពុងរស់នៅលើទឹកដីកូរ៉េខាងត្បូងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


