ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌសែនសុខ អាយុ ៦០ ឆ្នាំ ឡើង ស្នើ រដ្ឋបាលរាជធានី អន្តរាគមន៍ធ្វើប័ណ្ណ ប ស ស បាន
ប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខ បានស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យពួកគាត់ដែលមានអាយុចាប់ពី ៦០ ឆ្នាំ ឡើងទៅ អាចមានសិទ្ធិធ្វើប័ណ្ណ ប ស ស ,ចាត់វិធានការចំពោះក្រុមយុវជនជក់បារីអេឡិចត្រូនិក ,រៀបចំសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈនៅផ្សារដើមអម្ពិល ,ធ្វើប័ណ្ណកម្មសិទ្ធិ ,ធ្វើផ្លូវ និងធ្វើលូ ក្នុងមូលដ្ឋានផងដែរ។

ការស្នើរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ០៤ ឆ្នាំ ២០២៤ ខណ្ឌសែនសុខ នៅពិភពថ្មីសែនសុខ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋលើកឡើងថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំ ឡើង ច្រើននាក់ណាស់ ចង់ធ្វើប័ណ្ណ ប ស ស ខណៈពួកគាត់មិនអាចធ្វើបាន។ ដូច្នេះ សូមរដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ផង។ ពួកគាត់ ស្នើកងកម្លាំង និងអាជ្ញាធរ ចាត់វិធានការចំពោះក្រុមយុវជនជក់បារីអេឡិចត្រូនិកដែលធ្វើឲ្យប៉ះពាល់សុខភាព។ ស្នើសុំរៀបចំសណ្ដាប់ធ្នាប់លើផ្លូវសាធារណៈនៅផ្សារដើមអម្ពិលដែលបង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ សុំការជួសជុល និងសម្រួលធ្វើផ្លូវ ធ្វើលូ។

លោក សុខ ពេញវុធ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌសែនសុខ នាព្រឹកនេះ មានប្រជាពលរដ្ឋចំនួន ១០ នាក់ បានលើកឡើងជាសំណើ និងសំណូមពរ ដោយផ្ទាល់មាត់ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ និងជាលាយលក្ខណ៍អក្សរចំនួន ៨២ ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ។

ចំពោះសំណើ និងសំណូមពរ ដោយផ្ទាល់មាត់ លោក សុខ ពេញវុធ បានធ្វើការដោះស្រាយភ្លាមៗ ជាមួយនឹងការបញ្ជាក់ថា ការស្នើរបស់ប្រជាពលរដ្ឋខាងលើ ក្នុងនាមអាជ្ញាធរនឹងធ្វើការដោះស្រាយ ដោយឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃ ដើម្បីឆ្លើយតប។ ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬ ថ្នាក់រាជធានីភ្នំពេញ ធ្វើបាន នឹងធ្វើភ្លាម។ តែបើហួសពីសមត្ថភាព ក៏មិនទុកចោលដែរ គឺសុំគោលការណ៍ទៅថ្នាក់លើបន្តទៀត ជាក់ស្ដែងដូចជាការស្នើសុំពីសំណាក់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំ ឡើង ឲ្យមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស រដ្ឋបាលរាជធានីភ្នំពេញ សុំគោលការណ៍ទៅថ្នាក់ជាតិបន្តទៀត។ ដោយឡែកចំពោះសំណើជាលាយលក្ខណ៍អក្សរចំនួន ៨២ ច្បាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅដោះស្រាយពេលក្រោយ។

លោក ជួប ខុន លើកឡើងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញ អំឡុងត្រីមាសទី ៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមសង្កាត់នានា ក្នុងខណ្ឌរបស់ខ្លួន អំឡុងខែមិថុនា នៃឆ្នាំនីមួយៗ។ ជាក់ស្ដែង ក្រុមប្រឹក្សាខណ្ឌ បានអនុវត្តរួចហើយ ក្នុងឆ្នាំ ២០២៤ នេះ ស្របតាមច្បាប់កំណត់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះដែរ ត្រូវបានធ្វើឡើង ក្នុង ១ ឆ្នាំ ម្ដង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្ដោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់ពលរដ្ឋលើបញ្ហា ចំនួន ៤ ដែលមានដូចជា ៖ ទី១.បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ទី២.ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ទី៣.បរិស្ថាន សុខុមាលភាពសង្គម ការបម្រើសេវាសុខាភិបាល និង ទី៤.ការផ្តល់សេវាសាធារណៈនៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្ដល់ជូន បានផ្ដល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយ នៃការផ្ដល់សេវានេះទេ?៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


