Connect with us

ព័ត៌មានជាតិ

តើ​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​អ្វីខ្លះ​លើ​វិស័យ​សំណង់ និង​អចលទ្រព្យ​រហូត​មក​ដល់​ពេលនេះ?

បានផុស

នៅ

វិស័យ​សំណង់​និង​អចលទ្រព្យ​នៅ​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​និង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក។

ដើម្បី​ស្តារ​វិស័យ​អចលនទ្រព្យ​ដែល​រង​សម្ពាធ​ពី​វិបត្តិ​សកល រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​យន្តការ​ជាច្រើន​ដើម្បី​រុញច្រាន​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​អចលទ្រព្យ​និង​សំណង់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​អន្តរជាតិ​ឆ្នាំ ២០២៤ លោក​អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគមអ្នកសាងសង់​កម្ពុជា ដែល​ជា​វិស័យ​ឯកជន​មាន​ធុរកិច្ច​លើ​វិស័យ​សំណង់ និង​អចនទ្រព្យ​នៅ​កម្ពុជា​​បាន​គូស​បញ្ជាក់ពី​​ការ​ដាក់​ចេញ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ជួយ​ស្តារ​វិស័យ​សំណង់​និង​អចលទ្រព្យ​ឡើង​វិញក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សមាគមអ្នកសាងសង់កម្ពុជា​រូប​នេះ បាន​លើក​​ពី​ការ​ផ្ដល់​គោលការណ៍​លើក​ទឹកចិត្ត​ពន្ធដាររបស់​រដ្ឋាភិបាល ក្នុងវិស័យអចលនទ្រព្យ ដើម្បី​កាត់បន្ថយ​បន្ទុក​ក្នុង​ការ​ចំណាយ​បង់ពន្ធ​ដល់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អចលនទ្រព្យដែល​ក្នុងនោះ​រួមមាន ការ​លើក​លែង​ពន្ធ​លើ​ចំណេញ​មូលធន​លើ​អចលនទ្រព្យ, ការអនុញ្ញាត​ការ​បង់ពន្ធជា​កញ្ចប់​តាម​គម្រោង​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់ និង​ការលើកលែងពន្ធប្រថាប់ត្រា​លើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិកាន់ កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទមាន​លក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក ដែល​គោលការណ៍​នេះ​ត្រូវបានអនុញ្ញាតឲ្យអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏​បាន​សម្រេចលើកលែងការយកពន្ធ​លើដីធ្លី​មិនប្រើប្រាស់​សម្រាប់​ដី​ក្រោម ៥ ហិកតា ក្នុងមួយកន្លែងថែមទៀត។

លោក​អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​បន្ត​ថា ក្នុងពិធី​សន្និបាតបូកសរុប លទ្ធផល​ការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ផ្តល់​គោលការណ៍​បន្ថែមកាន់តែល្អប្រសើរថែមទៀត ដើម្បីជួយដល់វិស័យអចលនទ្រព្យ​ដែលមាន​លក្ខណ:ជាបុរី សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម ២១ ម៉ឺនដុល្លាអាមេរិក ក៏ត្រូវ​បានលើកលែង​ពន្ធប្រថាប់ត្រាជូនប្រជាពលរដ្ឋត្រឹមដំណាច់ឆ្នាំ២០២៥​ នេះផងដែរ។

ក្នុងឱកាស​អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និង​ទិសដៅការងារ​ឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង​ថា ដើម្បី​ជួយ​ជំរុញ​ដល់​ការ​ងើបឡើង​វិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​បន្តអនុគ្រោះ​ឱ្យរួចពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះ​នោះ​មាន​កិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ ក៏ដោយ។

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តី​​បន្ត​ទៀត​ថា ក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយ​អនុញ្ញាត​ឱ្យអ្នក​ទិញ​ផ្ទះ​លើកទី ១ តម្លៃ ២១ ម៉ឺន​ដុល្លារ​ចុះក្រោម ក៏​ទទួលបានការ​លើកលែង​ពន្ធប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ​ផង​ដែរ។

សម្តេច​សង្ឃឹមថា វិធានការ​លើកទឹកចិត្ត​ផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ​និងបង្កលក្ខណៈ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​ជាម្ចាស់អចលនទ្រព្យ​ទាំងអស់ ក្នុងការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យ​កាន់​តែ​រីក​ចម្រើនរឹងមាំបន្ថែមទៀត។

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបាន​​ថ្លែង​ថា ការ​ដែល​រាជរដ្ឋាភិបាល​​សម្រេច​ឱ្យ​មានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះ​វិស័យ​អចលនទ្រព្យ បាន​ជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ។

តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម​និង​សំណង់ ក្នុង​​រយៈពេល ៦ ខែ ដើម​អាណត្តិទី ៧ គម្រោង​​សំណង់​នៅទូទាំង​ប្រទេស​មានចំនួន ១ ៦៤២ ​គម្រោង មាន​តម្លៃ​ទុន​វិនិយោគ​​ប្រមាណ​ជាង ២,៦ ពាន់​លាន​ដុល្លារ។

បើ​ទោះបី​ស្ថាន​ភាពសេដ្ឋកិច្ច​ក្នុង​តំបន់និង​ពិភពលោក​ នៅ​ពុំទាន់​ប្រសើរ​ឡើងវិញ​ដូច​ស្ថាន​ភាព​មុន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក្ដី វិស័យ​សំណង់​កម្ពុជា​នៅតែ​មានកំណើន​ជាប្រចាំ​។ គម្រោង​ថ្មីៗ​ដែល​បានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មាន​កំណើនខ្ពស់​ជាងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៣។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ ២០២៥ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ បាន​ដាក់ក្តី​ពឹង​ទុក​ថា វិស័យ​សំណង់​នឹង​ប្រែក្លាយ​ទៅជាឧស្សាហកម្ម ដែល​នឹង​ចូលរួម​បង្កើន​ចំណូល​ថវិកាជាតិ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម