Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង រំពឹងថា នឹងទទួលបានធនធានមនុស្សកាន់តែសម្បូរបែបជួយអភិវឌ្ឍន៍ខេត្ត

បានផុស

នៅ

លោកស្រីអភិបាលខេត្តកោះកុង បានបង្ហាញក្តីរំពឹងទុកជាមុនថា ខេត្តនឹងទទួលបានធនធានមនុស្សល្អៗសម្បូរបែប​មកជួយអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនទ្វេរដងទៅថ្ងៃមុខ ក្រោមកិច្ចបណ្តុះបណ្តាលពីវិស័យរដ្ឋ និងឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្តីជឿជាក់ដ៏មុតមាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាពេលនេះ គឺធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សានុសិស្សដែលប្រឡងជាប់ជាស្ថាពរ និងជាប់ជាសិស្សពូកែសរុបចំនួន៧៦៤នាក់របស់សាលរៀន កោះកុង អន្តរជាតិ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រី មិថុនា ភូថង មើលឃើញថា គ្រឹះស្ថានអប់រំឯកជន ពិតជាបានចូលរួមចំណែកជាច្រើនលើដំណើរការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងជាគ្រឹះដ៏រឹងមានសម្រាប់បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិទៅថ្ងៃមុខផងដែរ។

លោកស្រីអភិបាលខេត្ត គូសបញ្ជាក់ទៀតថា នៅឆ្នាំ២០២៤នេះ ខេត្តកោះកុង មានសិស្សានុសិស្សចំនួន១៣នាក់/ស្រី៥នាក់ ដែលប្រឡងជាប់និទ្ទេសA សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដែលនេះសរឱ្យឃើញថា លទ្ធផលនៃការកិច្ចប្រឹងប្រែងសិក្សារបស់ប្អូនៗយ៉ាងត្រចេះត្រចង់ និងប្រកបដោយមោទនភាពចំពោះប្អូនៗខ្លួនឯង គ្រួសារ មិត្តភក្តិ និងលោកគ្រូអ្នកគ្រូ ហើយក៏ជាគំរូដ៏ល្អសម្រាប់ក្មួយសិស្សានុសិស្សជំនាន់ក្រោយយកអនុវត្តតាម។

លោកស្រី មិថុនា ភូថង ក៏បានវាយតម្លៃខ្ពស់រយៈកាល១០ឆ្នាំនៃសាលារៀនកោះកុងអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងលើការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅក្នុងខេត្តប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិទៅអនាគត។ ទន្ទឹមនោះ លោកស្រី ក៏ស្នើដល់អាណាព្យាបាលសិស្ស បន្តជួយអប់រំទូន្មានដល់កូនៗបន្ថែមទៀត ដោយចៀសឆ្ងាយពីគ្រឿងញៀន សេពគប់មិត្តមិនល្អ និងត្រូវមានសីលធម៌ សុជីវភាពក្នុងការរស់នៅ។

សម្រាប់លោកស្រី ហាយ គន្ធា នាយិកាសាលារៀនកោះកុងអន្តរជាតិ ឱ្យដឹងថា សាលារៀនរបស់លោកស្រី បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពអប់រំសិក្សាដោយផ្តល់នូវចំណេះដឹងជាទ្រីស្តី ជាការអនុវត្តជាក់ស្តែង និងមានជំនាញច្បាស់លាស់ ដើម្បីឱ្យសិស្សទាំងអស់មានសមត្ថភាពស្វែងរកវិបុលភាពសម្រាប់ខ្លួនឯង និងជាទំពាំងស្នងឬស្សីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីនាយិកាសាលារៀនកោះកុងអន្តរជាតិ បន្តទៀតថា ទោះបីជាខេត្តកោះកុងជាខេត្តដាច់ស្រយោលយ៉ាងណាក្តី ក៏គ្រឹះស្ថានអប់រំឯកជនមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យវិស័យអប់រំទាំងមូលមានការរីកចម្រើន។ នៅឆ្នាំ២០២៤-២០២៥ លោកស្រីសង្ឃឹមថា ក្មួយៗសិស្សានុសិស្សពិតជាខិតខំរៀនសូត្រឱ្យកាន់ពូកែ និងចៀសផុតពីក្រុមក្មេងទំនើង សេពគ្រឿងញៀនដែលសង្គមស្អប់ខ្ពើមជាក់ជាពុំខាន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម