ព័ត៌មានជាតិ
សិស្សានុសិស្ស ៦៥០០នាក់ មកពីជុំវិញពិភពលោកចូលរួមប្រកួតគណិតវិទ្យាអង្គរលើកទី៤នៅកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ការប្រកួតគណិតវិទ្យាអង្គរលើកទី៤នៅឆ្នាំនេះ មានសិស្សានុសិស្សមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រមាណ ៦៥០០នាក់ដែលនេះសបញ្ជាក់ពីភាពជោគជ័យ និងតួនាទីដ៏សំខាន់របស់ការប្រកួតប្រជែងក្នុងការលើកកម្ពស់ឧត្តមភាពនៃការសិក្សាគណិតវិទ្យា និងការបង្កជាកាលានុវត្តភាពលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាសកល។

ថ្លែងក្នុងពិធីប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើមនៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២២ធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សមកពី ១៦ប្រទេស ដែលបានចូលរួមគាំទ្រកម្មវិធីនេះយ៉ាងផុលផុស ក្នុងនោះរួមមាន៖ កម្ពុជា
សហរដ្ឋអាមេរិក ចិន ឡាវ កូរ៉េខាងត្បូង កៀហ្ស៊ីស៊ីស្ថាន ហុងកុង ថៃ ហ្វីលីពីន តូមិននីស្ថាន ម៉ុងហ្គោលី អាហ្សែបៃហ្សង់ មីយ៉ាន់ម៉ា តាជីគីស្ថាន វៀតណាម និងម៉ាឡេស៊ី ដោយបានរំលេចថា វប្បធម៌ចម្រុះជាតិសាសន៍
និងស្មារតីសហការគ្នាបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យកាន់តែអស្ចារ្យ និងគួរជាទីមោទនៈ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា វេទិកានេះមិនត្រឹមតែចូលរួមលើកកម្ពស់ស្តង់ដាគណិតវិទ្យានៅកម្ពុជាប៉ុណ្ណោះទេ
ថែមទាំងបំផុសទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រគណិតវិទ្យាក្នុងចំណោមបណ្តាប្រទេសដទៃនៅទូទាំងពិភពលោកផងដែរ។ តាមរយៈវេទិកាផ្លាស់ប្តូរ និងកិច្ចសហការគ្នាជាមួយបញ្ញវន្តវ័យក្មេងមកពីប្រទេសផ្សេងៗក្នុងការប្រកួតគណិតវិទ្យានេះ នឹងជំរុញឱ្យបញ្ញវន្តវ័យក្មេងមានភាពអង់អាចឈានទៅដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយសក្តានុពលពេញលេញ និងថែមទាំងលើកកម្ពស់ស្មារតីការរុករក ភាពអត់ធ្មត់ ការច្នៃប្រឌិត និងការស្រឡាញ់សិក្សាគណិតវិទ្យា។

លោកឧបនាយករដ្ឋមន្ត្រីសូមចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាផ្លែផ្កានាពេលនេះរបស់យុវសិស្សជ័យលាភីទាំងអស់ដោយគូសបញ្ជាក់ថា សមិទ្ធផលនេះនឹងជំរុញទឹកចិត្តក្មួយៗឱ្យខិតខំរៀនសូត្របន្ថែមទៀតដើម្បីឈានទៅដល់កម្រិតកាន់តែខ្ពស់នៅក្នុងវិថីជីវិតសិក្សាគណិតវិទ្យានាពេលខាងមុខ ជាក់ស្តែង គណិតវិទ្យាមិនមែនគ្រាន់តែជាការគិតលេខនោះទេ ថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍនូវបំណិនត្រិះរិះពិចារណាស៊ីជម្រៅការដោះស្រាយបញ្ហា និងជំនាញវិភាគបញ្ហាដែលមានសារៈសំខាន់បំផុតនៅគ្រប់វិស័យ និងសម្រាប់ភាពជោគជ័យក្នុងជីវិត៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


