ព័ត៌មានជាតិ
ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក កេង សុម៉ារិទ្ធ បានឱ្យដឹងថា ខេត្តស្ទឹងត្រែងជាខេត្តមួយដែលគ្មានករណីក្មេងទំនើងកាប់ចាក់គ្នាសូម្បីតែមួយករណី។ ការវាស់ស្ទង់នេះ គឺរាប់ចាប់ពីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបក្មេងទំនើង ចាប់តាំងពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន។ តាមលោក កេង សុម៉ារិទ្ធ លទ្ធផលនេះ គឺក្រសួងយុត្តិធម៌ ផ្ទៀងផ្ទាត់យ៉ាងហ្មត់ជាមួយ អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង។ ការណ៍នេះ លោកបានចាត់ទុកខេត្តជាប់ព្រំដែនឡាវមួយនេះ ជាខេត្តគំរូ ដែលថ្នាក់ដឹកនាំខេត្តផ្សេងទៀតគួរតែយកគំរូនេះ ទៅដឹកនាំខេត្តរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ«ករណីក្មេងទំនើង» រៀបចំឡើងនាថ្ងៃទី២៥ ខែធ្នូ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ដូច្នេះ៖« ខេត្តដែលមានសំណុំរឿងតិចជាងគេបំផុតគឺ ខេត្តស្ទឹងត្រែង មានសូន្យករណី! គឺយើងបានបញ្ជាក់ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យនេះ ជាមួយអយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែងរួចហើយ។ ខេត្តស្ទឹងត្រែងនេះ ឃើញថាជាខេត្តគំរូមួយដែលពុំមានករណីពាក់ព័ន្ធក្មេងទំនើងកើតឡើងទេ! អ៊ីចឹងជាខេត្តមួយគំរូ ដែលខេត្តផ្សេងអាចមើលពីលំនាំនៃការរៀបចំការងាររបស់គាត់បាន។»។
ជាមួយគ្នានេះ លោកក៏បានឱ្យដឹងថា ខេត្តកែប ជាខេត្តលំដាប់ទី២ ដែលមានសំណុំរឿងពាក់ព័ន្ធក្មេងទំនើងតិចជាងគេ ចំណែកខេត្តប៉ៃលិន ជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ថ្នាក់ទី៣ និងខេត្តព្រះវិហារជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ទី៤។

ផ្ទុយទៅវិញ លោករដ្ឋលេខាធិការក្រសួងយុត្តធម៌ ក៏បានឱ្យដឹងរាជធានីខេត្ដ ដែលមានសំណុំក្មេងទំនើងច្រើនជាងគេ គឺរាជធានីភ្នំពេញនៅលំដាប់ថ្នាក់ទី១ ខេត្តកំពង់ស្ពឺឈរចំណាត់ថ្នាក់លេខ២ ជាខេត្តដែលមានសំណុំរឿងច្រើនជាងគេ ចំណែកខេត្តតាកែវនៅលំដាប់ថ្នាក់ទី៣ រីឯខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ ជាខេត្តដែលសំណុំរឿងក្មេងទំនើងច្រើនជាងគេលំដាប់ទី៤ និងខេត្តសៀមរាបជាខេត្តមានសំណុំរឿងក្មេងទំនើងច្រើនជាងគេលំដាប់ទី៥។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ក្រុមដាវសាំម៉ូរ៉ៃ កាប់ចាក់គ្នាតាមទីសាធារណៈ បង្កហិង្សាបណ្ដាលឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដោយត្រូវអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ សម្ដេច ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងអស់ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។

ក្រោយពីការប្រកាសដាក់ចេញបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលរួចមក ក្រសួងយុត្តិធម៌ ក៏បានបន្ថែមនូវប្រភេទនៃសំណុំរឿងអាទិភាពមួយទៀតទៅក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង បន្ថែមលើសំណុំរឿងអាទិភាពដែលបានប្រកាសដាក់ចេញកាលពីដើមឆ្នាំ២០២៤ ចំនួន៣ដូចជា សំណុំរឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍ សំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ជាការកត់សម្គាល់ ចាប់តាំងពីពេលនោះ សមត្ថកិច្ចបានដុតដៃដុតជើងបង្ក្រាបក្មេងទំនើងដែលកាប់ចាក់តាមទីសាធារណៈបានទាន់ពេលវេលា។ ក្រោយពីបង្ក្រាបរួចរាល់ករណីខ្លះ សមត្ថកិច្ច បានប្រើវិធានការរដ្ឋបាល និងប្រើវិធានការច្បាប់ គឺបញ្ជូនសំណុំរឿងទៅកាន់តុលាការ។
នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក កេង សុម៉ារិទ្ធ បានឱ្យដឹងថា ជាង៧ខែមកនេះ ស្ថាប័នក្រោមដំបូលវិស័យយុត្តិធម៌បានទទួលបានសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនៅទូទាំងប្រទេសសរុបចំនួន២១១៥សំណុំរឿង។ ក្នុងនោះតុលាការបានចាត់ការរួចរាល់លើសំំណុំរឿងចំនួន១៥៧៩សំណុំរឿង នៅសល់ចំនួន៥៣៦សំណុំរឿង ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះកំពុងតែបន្តនីតិវិធី៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


