ព័ត៌មានជាតិ
និស្សិតកម្ពុជា៣នាក់នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព
ក្រសួងការបរទេសកំពុងតាមដានស្ថានភាពប្រជាពលរដ្ឋខ្មែរនៅរដ្ឋ California ដែលភ្លើងកំពុងឆាបឆេះ ខណៈដែលពេលនេះមាននិស្សិតកម្ពុជា៣នាក់រស់នៅទីក្រុង Santa Monica ត្រូវបានអាជ្ញាធរអាមេរិកជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពហើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះថា និស្សិត៣នាក់នោះសិក្សានៅសកលវិទ្យាល័យ Santa Monica Community College។ ដោយឡែកទីក្រុង Long Beach ដែលមានប្រជាជនខ្មែរ-អាមេរិកកំពុងរស់នៅកុះករមិនទាន់មាន ផលប៉ះពាល់ពីភ្លើងព្រៃនោះទេ។

បើតាមអ្នកនាំពាក្យ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនឹងបន្តតាមដានស្ថានភាពប្រជាពលរដ្ឋកម្ពុជា សិស្ស និសិ្សត ដែលកំពុងសិក្សា និងរស់នៅរដ្ឋ California ដោយមានការសហការជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។
ពលរដ្ឋខ្មែរម្នាក់ដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ាលោក អ៊ុក ចន្ថា បានប្រាប់កម្ពុជាថ្មីថា មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះពីភ្លើងឆេះនេះទេខណៈអាជ្ញាធរអាមេរិកបានមានវិធានការទប់ស្កាត់ភ្លើងជាបន្តបន្ទាប់ផងដែរ។ លោកថាពលរដ្ឋខ្មែរនៅអាមេរិកបានបង្កើនទំនាក់ទំនងចែករំលែកព័ត៌មានគ្នាជាច្រើនដើម្បីដឹងសុខទុក្ខ និងជួយគ្នាប្រសិនមានអ្នកណាម្នាក់រងគ្រោះ។
លោកថា៖ «ចំពោះការបារម្ភវាតែងតែមានហើយ។ ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក តាមសហគមន៍មួយៗហ្នឹងក៏មានការអំពាវនាវឱ្យមានការជូនដំណឹងគ្នាទៅវិញទៅមកពីការបាត់ខ្លួនសមាជិកគ្រួសារជាយថាហេតុណាមួយយើងឃើញបងប្អូនសហគមន៍ខ្មែរដែលមានក្នុងក្រុមឆាតគាត់ផ្ដាំផ្ញើគ្នា។ ប្រសិនជាមាន(ការបាត់ខ្លួន)ធ្វើការរាយការណ៍ដើម្បីដុតដៃដុតជើងជួយក្នុងនាមខ្មែរដូចគ្នាមិនប្រកាន់និន្នាការនយោបាយអីទេ»។
ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ឈានចូលដល់ថ្ងៃទី៤ហើយគិតត្រឹមថ្ងៃសុក្រ ខណៈកងពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia រីឯតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្សជិត២០ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្បែង។

ដំបូងឡើយ អាជ្ញាធរចង្អុលទៅបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួតយូរនិងខ្យល់បកខ្លាំងជាដើមហេតុបង្កឲ្យមានមហន្តរាយនេះ ប៉ុន្តែក្រោយមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការដុតព្រៃ។
ជុំវិញបញ្ហានេះដែរ យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន AccuWeather, ការខាតបង់សេដ្ឋកិច្ចជាបឋមនៃករណីភ្លើងឆេះព្រៃដ៏អាក្រក់ និងសាហាវបំផុតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា អាចស្ថិតក្នុងចន្លោះពី ៥២ពាន់លានដុល្លារ ដល់ ៥៧ពាន់លានដុល្លារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


