ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌជ្រោយចង្វារ បើកយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដើម្បីទីក្រុងមានបរិយាកាសល្អ សោភ័ណភាព
កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌជ្រោយចង្វារ បើកយុទ្ធនាការស្ដីពីការសម្អាតអនាម័យបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យុទ្ធនាការនេះក្រោមអធិបតីភាព លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និង លោក សែម ដារិន្ទ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពី មន្ទីរបរិស្ថានរាជធានីភ្នំពេញ កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កងកម្លាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីចំណុះរដ្ឋបាលខណ្ឌ មន្ត្រីសង្កាត់ សិស្សានុសិស្ស ក្រុមហ៊ុនប្រមូលសំរាម ៨០០ SuperGaea និងក្រុមហ៊ុន អេកូអែត និងហ្គ្រីន សរុបចំនួន ៣០៩ នាក់។

លោក សែម ដារិន្ទ លើកឡើងថា ការបើកយុទ្ធនាការស្ដីពីការសម្អាតអនាម័យបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ពិតជាមានសារៈសំខាន់ណាស់ដែលខណ្ឌជ្រោយចង្វារ ជាពិសេស រាជធានីភ្នំពេញ ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ មានបរិយាកាសល្អ មានសោភ័ណភាព បង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ ម្យ៉ាងវិញទៀត ដើម្បីធ្វើការផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងមានអនាម័យ បរិស្ថានស្អាត និងភូមិឋានគ្មានសំរាម។

សូមរំលឹកផងដែរថា ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ នេះ តទៅ។ ការប្រកាសដាក់ចេញយុទ្ធនាការសំអាតផ្លូវជាតិ ខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវ នាពេលកន្លងមក ជាពិសេសការសំអាតផ្លូវជាតិលេខ ៣ លេខ ៤ លេខ ៤១ និងលេខ ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។

យុទ្ធនាការសំអាតផ្លូវជាតិ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្ដាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្ដាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុកភាព និងទាក់ទាញអ្នកវិនិយោគ និងទេសចរមកប្រទេសកម្ពុជាកាន់តែច្រើនឡើង៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


