ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានធ្វើការណែនាំដល់មន្ត្រីអធិការកិច្ចសន្តិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស ពេលចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ទូទាំងប្រទេស ត្រូវអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជូនដល់កម្មករ-និយោជិតគ្រប់រូប។

នៅក្នុងកិច្ចប្រជុំណែនាំ និងតម្រង់ទិសជូនដល់មន្ត្រីអធិការកិច្ចសន្តិសុខសង្គម អំពីគោលការណ៍ នៃការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ទូទាំងប្រទេស កាលពីថ្ងៃទី ២៣ មករា លោក គឹម កែវរស្មី អគ្គនាយករង តំណាងលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានឱ្យដឹងថា កិច្ចប្រជុំណែនាំ និងតម្រង់ទិសនេះ ដើម្បីឱ្យមន្ដ្រីអធិការកិច្ចសន្ដិសុខសង្គម និងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទូទាំងប្រទេស បានយល់ដឹងអំពីគោលការណ៍ នៃការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះតទៅ។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ថា គោលបំណង នៃការចុះអធិការកិច្ចនេះ ដើម្បីពង្រឹងការត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់នូវវិធានការលើការចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មី ការរាយការណ៍ចំនួនកម្មករ-និយោជិត ការបង់ភាគទាន និងការប្រកាសប្រាក់ឈ្នួលឱ្យបានត្រឹមត្រូវ ដែលទាមទារឱ្យមន្ដ្រីអធិការកិច្ចសន្ដិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តភារកិច្ច សំដៅដល់ការធានាឱ្យបាននូវផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជូនដល់កម្មករ-និយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពនៃមូលនិធិសន្តិសុខសង្គម។

លោកអគ្គនាយករង បានបន្តថា ករណី សហគ្រាស គ្រឹះស្ថាន មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬ ប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬ មិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពីចំនួនកម្មករ-និយោជិតឱ្យបានត្រឹមត្រូវ ឬ ការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម នោះ ប.ស.ស. នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយ លោកអគ្គនាយករង ប.ស.ស សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីអធិការកិច្ចសន្តិសុខសង្គម និងថ្នាក់ដឹកនាំគ្រប់ សាខា ប.ស.ស ទូទាំងប្រទេស នឹងអនុវត្តកាតព្វកិច្ចនេះប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២១ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី