ព័ត៌មានជាតិ
ដំណើរទៅកាន់ឥណ្ឌូណេស៊ីខាងមុខ សម្ដេច ហ៊ុន សែន នឹងឆ្លៀតទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន
តាមការអញ្ជើញរបស់វិទ្យាស្ថានអន្តរជាតិមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ពេលខាងមុខ ក្នុងបំណងថ្លែងបាឋកថាពិសេសមួយស្តីពីបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍជាតិ។ បើពុំមានការប្រែប្រួល សម្ដេចតេជោ ក៏នឹងឆ្លៀតទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន ដែលមានស្នាក់ការកណ្ដាលក្នុងទីក្រុងហ្សាកាតាផងដែរ។

ដំណឹងនេះ ត្រូវបានទម្លាយឱ្យដឹងក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថាន ERIA កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នាវិមាន ៧មករា រាជធានីភ្នំពេញ។ ភ្ជាប់នឹងការទទួលយកការអញ្ជើញរបស់វិទ្យាស្ថាន ERIA ក្នុងការថ្លែងបាឋកថាពិសេស សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីគម្រោងជួបជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ដែលជាមិត្តចាស់ និងការអញ្ជើញទស្សនាលេខាធិការដ្ឋានអាស៊ាន។

ជុំវិញការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកកាន់ស្នាក់ការកណ្ដាលរបស់អាស៊ាន ក្នុងទីក្រុងហ្សាកាតានេះ លោក ហេង សារិទ្ធ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន បានជួបជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាទៅលើការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ។

យោងបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន (Permanent Mission of the Kingdom of Cambodia to ASEAN) ទស្សនកិច្ចរបស់សម្ដេចតេជោ មកលេខាធិការដ្ឋានអាស៊ាន អាចនឹងធ្វើឡើងនាអំឡុងខែមីនា ឆ្នាំ២០២៥ ខាងមុខ ក្នុងគោលដៅជំរុញដំណើរការកសាងសហគមន៍អាស៊ាន ក្នុងបរិបទដែលកម្ពុជាបំពេញតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។
អ្នកវិភាគភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនយល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី នាពេលខាងមុខ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងកម្ពុជា-ឥណ្ឌូណេស៊ី ដែលមានប្រវត្តិជាយូរអង្វែងមកហើយ បើទោះបីជាសម្ដេចតេជោ មិនស្ថិតក្នុងតំណែងជាប្រមុខរាជរដ្ឋាភិបាលក្ដី តែសម្ដេចតេជោ នៅតែជាឥស្សរជននយោបាយដ៏លេចធ្លោ។
លោកបណ្ឌិត គូសបញ្ជាក់ថា កម្ពុជា និងឥណ្ឌូណេស៊ី តែងតែជួយជ្រោមជ្រែងគ្នានៅក្នុងគ្រាលំបាក ជាពិសេសដំណើរការរកស្វែងសន្តិភាពសម្រាប់កម្ពុជា គឺឥណ្ឌូណេស៊ី ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើជាសហប្រធានជាមួយប្រទេសបារាំង ដឹកនាំកិច្ចប្រជុំនៃកិច្ចព្រមព្រៀងសន្តិភាព កាលពីឆ្នាំ១៩៩១។

សម្រាប់តួនាទីសម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចការអាស៊ាន ជាឥស្សរជននយោបាយដ៏លេចធ្លោក្នុងតំបន់សម្រាប់ដំណើរស្វែងរកសុខសន្តិភាព ឯករាជ្យ អធិបតេយ្យភាព ការឯកភាពទឹកដី និងការអភិវឌ្ឍជាតិ មិនត្រឹមតែប្រទេសកម្ពុជាខ្លួនឯងប៉ុណ្ណោះទេ តែសម្ដេចតេជោ បានចូលរួមស្វែងរកសន្តិភាពឱ្យពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាទៅរក្សាសន្តិភាពតាមបណ្ដាប្រទេសដែលរងគ្រោះដោយសង្គ្រាម ការចូលរួមជាទស្សនទាននយោបាយក្នុងការដោះស្រាយ វិបត្តិផ្សេងៗក្នុងតំបន់ តួយ៉ាងវិបត្តិនៅមីយ៉ាន់ម៉ា ដែលក្នុងឋានៈជានាយករដ្ឋមន្ត្រីកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានខិតខំពុះពារយ៉ាងខ្លាំងលើកិច្ចការនេះ រហូតដល់ពេលនេះ ក៏នៅតែផ្ដល់ជាទស្សនទាននយោបាយពាក់ព័ន្ធលើបញ្ហានេះ។ នេះជាលើកឡើងរបស់បណ្ឌិត យង់ ពៅ ដោយលោកបណ្ឌិត បានហៅសម្ដេចតេជោ ហ៊ុន សែន ថា ជា «គ្រូបង្គោលសន្តិភាពរបស់អាស៊ាន»៕
ដោយ៖ ធឿន វ៉ាន់សុង

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ